អំពើប្លន់កណ្ដាលក្រុងព្រះសីហនុ កើតឡើងដោយសារតែ ជនជាតិចិន បានប្លន់ចិនគ្នាឯង ក្នុងនោះជនសង្ស័យបានបាញ់០២គ្រាប់មកលើសមត្ថកិច្ចនគរបាល។ នេះបើយោងតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ។ 

សកម្មភាពប្លន់ខាងលើនេះ បានប្រព្រឹត្តិទៅ នៅវេលាម៉ោងវេលាម៉ោង ១៧ និង ៥០នាទី តាមផ្លូវសេតេ ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែឧសភា ២០២១ ម្សិលមិញនេះ។ ផ្អែកតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជនជាតិចិនប្លន់ចិនគ្នាឯង ក៏បានផ្ទុះអាវុធមួយគ្រាប់ ដោយខ្មាន់កាំភ្លើងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី ។ 

សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុស្តិ៍សង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់អស់។

សមត្ថកិច្ចបានឲ្យដឹងទៀថា ប្រតិបត្តិការបង្ក្រាបចោរប្លន់នៅតែបន្ដស្រាវជ្រាវ លុះដល់ចំណុចចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង ភ្លាមនោះ កម្លាំងសមត្ថកិច្ចនគរបាល បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើកម្លាំងសមត្ថកិច្ចនគរបាលចំនួន ០២គ្រាប់ តែសំណាងល្អមិនត្រូវកម្លាំងសមត្ថកិច្ចឡើយ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន។ ថ្វីបើជនសង្ស័យព្យាយាមគេចខ្លួនក្ដី ក៏កម្លាំងសមត្ថកិច្ចនគរបាលបានសហការគ្នាតាមចាប់ជនសង្ស័យ រហូតដល់វេលាម៉ោង ១៨ និង ៤០នាទី ទើបចាប់បានជនសង្ស័យម្នាក់ ដែលកំពុងសម្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ។ 

ទាក់ទងនឹងជនរងគ្រោះក្នុងអំពើប្លន់វិញ គឺមានសេចក្ដីរាយការណ៍មួយទៀត នៅវេលាម៉ោង ១៩ និង ០០នាទី ខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជង់ប្លន់នោះ គឺជាបុគ្គលិករបស់ កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ ឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ០២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ច ។ 

ជនសង្ស័យទាំង ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ZHANG DONG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។ (ខ្មាំន់កាំភ្លើង)

២-ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។

៣-ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ។

វត្ថុតាងចាប់យកបាន៖

-កាំភ្លើងខ្លី ០១ដើម ម៉ាក K59 មានលេខសម្គាល់ៈ 7777 

-បង់កាំភ្លើង ០១ មានគ្រាប់ ០៤គ្រាប់ (ប្រភេទ 9mm ច្នៃក្បាលគ្រាប់)

-សំបកកាទុស ០៥គ្រាប់ ។

ចំពោះជនសង្ស័យទាំង ០៣នាក់ នគរបាលនឹងចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តោ២ កំពង់សោម
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.