រឿង​រ៉ាវ​កាន់​តែ​រីក​ធំ​ឡើង​ជា​បន្ត​បន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ប្ដឹង​ផ្ដល់​គ្នា​ទៅវិញ​ទៅមក​រវាង​លោក​ឧកញ៉ា​ ហេង​ សៀ​អ្នក​ជំនួញ​មាន​មុខ​មាត់​ និង​ កញ្ញា​ យូប៊ី​ពិធីការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ MYTV រហូត​មាន​បុគ្គល​ថ្មីៗ​ចូល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​បន្ថែម​ទៀត​ជា​ច្រើន​នាក់​ តួ​យ៉ាង​ដូច​ជា​ករណី​ឃាត់​ខ្លួន​កូន​ស្រី​បង្កើត​របស់​លោក​ឧកញ៉ា​និង​កូន​ប្រសារ​ដែល​ជា​អ្នក​ជំនួញ​ល្បី​ម្ចាស់​អាជីវកម្ម​ KOI និង TUBE CAFE។

ត្រយង​មាន​ឱកាស​បាន​សម្ភាសន៍​ជាមួយ​លោក​ ចាន់ណា រ៉ូណាន​ អ្នក​ដឹក​នាំ​រឿង​វ័យ​ក្មេង​ដែល​ជា​បុគ្គល​​ម្នាក់​ស្គាល់​ជិតស្និទ្ធ​​ជាមួយ​នឹង​គ្រួសារ​កញ្ញា​យូប៊ី​ បាន​ទម្លាយ​ពី​អត្តចរិត​របស់​កញ្ញា​និង​ក្រុម​គ្រួសារ​របស់​កញ្ញា​ប្រាប់​មក​កាន់​សារ​ព័ត៌មាន​ត្រយង​ថា​​កញ្ញា​យូប៊ី​គឺ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​អត្តចរិត​ថ្លៃថ្នូរ​បំផុត​ ហើយ​ក៏​ជា​មនុស្ស​ស្រលាញ់​កិត្តិយស​ផង​ដែរ​។

​« ​យូប៊ី​ជា​ស្ត្រី​ម្នាក់​ដែល​ស្រលាញ់​កិត្តិយស​ខ្លាំង​ណាស់​ ​​ក្រុម​គ្រួសារ​របស់​កញ្ញា​ជា​អ្នក​មាន​ចំណេះដឹង​ខ្ពស់​និង​រស់​នៅ​ដោយ​ភាព​ថ្លៃថ្នូរ​ ម្យ៉ាង​ទៀត​កញ្ញា​ក៏​មាន​របស់​ប្រើប្រាស់​ល្អ​ៗ​ព្រោះ​ស្ថិត​ក្នុង​គ្រួសារ​មួយ​មាន​ជីវភាព​ធូរធារ​។ខ្ញុំ​បាន​ស្គាល់​ពូ​របស់​កញ្ញា​យូប៊ី​ដែល​ជា​ម្ចាស់​រីសត​មួយ​នៅ​ខេត្ត​មណ្ឌលគិរី​ ​ជា​អ្នក​ណែនាំ​ឱ្យ​ខ្ញុំ​ជួយ​មើល​ក្មួយ​ស្រី​ដែល​ប្រឡូក​ក្នុង​សិល្បៈ​ផង​​ មួយ​ទៀត​ខ្ញុំ​មាន​ឱកាស​ជជែក​ការងារ​ជាមួយ​នឹង​យូប៊ី​ច្រើន​ ព្រោះ​ភាពយន្ត​(កុំ​ងាក​ក្រោយ​វគ្គ​២) ​របស់​ខ្ញុំ​គ្រោង​នឹង​យក​កញ្ញា​យូប៊ី​មក​ថត​ដែរ​។​»

សូមចុចត្រង់នេះ៖ ក្រោយ​ត្រូវ​បាន​ដោះ​លែង​ យូប៊ី​​ ​​បាន​ចេញ​​​ថ្លែង​អំណរ​គុណ​បុគ្គល​សំខាន់​ពីរ​​រូប​!

អ្នក​ដឹកនាំ​រូប​នេះ​បាន​រំលឹក​រឿង​សំខាន់​មួយ​ថា​៖ «ខ្ញុំ​នៅ​ចាំ​បាន​ពី​អត្តចរិត​របស់​យូប៊ី​​ថា​មាន​​ថ្ងៃ​មួយ​ កញ្ញា​បាន​ដើរ​បង្ហាញ​ម៉ូដ​ស្រាប់​តែ​មាន​បុរស​ជា​ភ្ញៀវ​ម្នាក់​បាន​ចាប់​ទាញ​ដៃ​​យក​លុយ​ធីប​មក​ឱ្យ​ដាក់​ក្នុង​ដៃ​កញ្ញា​ កញ្ញា​បាន​បោះ​លុយ​​ឱ្យ​ទៅ​ភ្ញៀវ​នោះ​វិញ​ កញ្ញា​មិន​ទទួល​លុយ​នោះ​ទេ មើល​ទៅ​កញ្ញា​គឺ​ជា​មនុស្ស​ប្រកាន់​អត្តចរិត​ថ្លៃថ្នូរ​ ហើយ​ជា​នារី​ដ៏​ថ្លៃថ្នូរ​សុភាព​រាបសា​​ ​កញ្ញា​ខ្លាច​ភាព​សិចស៊ី​និង​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​ខ្លាំង​ណាស់​​។​» នេះ​ជា​​អ្វី​ដែល​លោក​ ចាន់ណា រ៉ូណាន បាន​ប្រាប់​មក​កាន់​អ្នក​​សារព័ត៌មាន​ត្រយង​។

ក្រៅ​ពី​លោក​រ៉ូណាន់​ ចាន់​ណា​អ្នក​ដឹកនាំ​រឿង​ដែល​បាន​ស្គាល់​ពី​អត្តចរិត​របស់​កញ្ញា​​ហើយ​នោះ​ លោក​តារា​ ឧសភា​ តារា​សម្ដែង​វ័យ​ក្មេង​មួយ​រូប​ដែល​ជា​មិត្ត​រួម​ការងារ​របស់​កញ្ញា​ ​ក៏​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បញ្ជាក់​ពី​អត្តចរិត​របស់​កញ្ញា​ មាន​ ពេជ្រ​រីតា​ដែរ​ថា​ ៖ «ខ្ញុំ​បាន​រួម​ការងារ​ជាមួយ​គាត់​មួយ​រយៈ​ហើយ​ គាត់​ជា​មនុស្ស​ល្អ​ គោរព​ការងារ​ និង​ប្រឹងប្រែង​ចំពោះ​ការងារ​ណាស់​ ខ្ញុំ​មិន​ជឿ​ថា​គាត់​លួច​ទូរស័ព្ទ​នោះ​ទេ​។»​​​​

រឿងរ៉ាវ​ប្ដឹងផ្ដល់​រវាង​កញ្ញា​យូប៊ី​ ពិធីការិនី​ទូរទស្សន៍​ MYTV និង​​ឧកញ៉ា​ ហេង សៀ​នៅ​តែ​ជា​ទី​ចាប់​អារម្មណ៍​និង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​មហាជន​ ​ជា​ពិសេស​ក្រុម​អ្នក​សិល្បៈ​ដែល​មាន​បាន​ចេញ​មក​តវ៉ា​និង​ទាមទារ​ឱ្យ​ស្វែង​រក​យុត្តិធម៌​ជូន​យុវតី​ដ៏​ក្មេង​ខ្ចី​រូប​នេះ​​ ចំណែក​សាធារណជន​ក៏​តាមដាន​រឿងរ៉ាវ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​៕​

Share.