​យោង​តាម​ TV Insider ភាពយន្ត​ដែល​សម្បូរ​ទៅ​ដោយ​រឿង​ចម្រូងចម្រាស​ «365 Days» តែ​ក៏​ជា​ភាពយន្ត​ដែល​មាន​ភាព​ល្បីល្បាញ​និង​ពេញនិយម​ខ្លាំង​នឹង​ត្រលប់​មក​បញ្ចាំង​លើ​ Netflix ​ថែម​ទៀត​តែ​ម្ដង​នេះ​មិន​មែន​តែ​មួយ​​វគ្គ​​នោះ​ទេ​ តែ​មាន​រហូត​ដល់​ទៅ​២​វគ្គ​បន្ថែម​។​

សូមចុច​ត្រង់នេះ​៖ ហ្វេន​អន្ទះសារ! ​ស្រី​ស្អាត​៣រូប​នេះ​ម្នាក់​ណា​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ថ្មី​របស់ ​ខាត់ ​វ៉ៃហាំង

Poster រឿង «365 Days»

Michele Morrone និង Anna-Maria ​នឹង​ត្រលប់​មក​សម្ដែង​​ជា​តួ​ឯក​សម្រាប់​ភាពយន្ត​ស្រើបស្រាល​របស់​ប៉ូឡូញ​​ដែល​ថត​តាម​លំនាំ​សៀវភៅ​របស់​អ្នក​និពន្ធ​ Blanka Lipinska, Magdalena Lamparska និង Otar Saralidze ខណៈ​តារា​ម៉ូដែល​និង​តារា​សម្ដែង Simone Susinna នឹង​ចូល​មក​សម្ដែង​ជា​តួ​អង្គ​បន្ថែម​ថ្មី​ក្នុង​ភាពយន្ត​នេះ​។ ខណៈ​ Barbara Bialowas និង Tomasz Mandes នៅ​តែ​ជា​អ្នក​ដឹកនាំ​រឿង​នេះ​ដដែល​។

ភាពយន្ត​បែប​ Erotic (​ផ្លូវ​ភេទ​​​) នេះ​ល្បីល្បាញ​និង​ពេញ​និយម​ខ្លាំង​ព្រោះ​ជាប់​ក្នុង​បញ្ជី​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ទាំង​១០​របស់​ Netflix ​​ក្នុង​ចំណោម​​ជាង​៩០​ប្រទេស ហើយ​ក៏​ជា​ភាពយន្ត​ដែល​មាន​អ្នក​ចុច​ស្វែង​រក​ច្រើន​ជាង​គេ​បំផុត​លើ​ Google ទូទាំង​ពិភពលោក​កាល​ពីឆ្នាំ ​២០២០​ផង​ដែរ​។​

ឈុតដកស្រង់​ចេញ​ពី​រឿង​ «365 Days»

«365 Days គឺ​ជា​ភាពយន្ត​ដ៏​ពេញនិយម​បំផុត​ក្នុង​ចំណោម​សមាជិក​ភាពយន្ត​យើង​ក្នុង​ឆ្នាំ​២០២០។ ​ពួក​យើង​បាន​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​និពន្ធ​សៀវភៅ​និង​អ្នក​និពន្ធ​សេណារីយ៉ូ​ភាពយន្ត​ ដើម្បី​បន្ត​​រឿងរ៉ាវ​ស្នេហា​ផ្សងព្រេង​របស់​ Laura និង Massiomo ដែល​រឿង​រ៉ាវ​របស់​អ្នក​ទាំងពីរ​នឹង​ពោរពេញ​ទៅ​ដោយ​ភាពយន្ត​បត់បែន​និង​ក្រឡាប់​ចាក់​ជា​ពិសេស​នឹង​មាន​រឿងរ៉ាវ​ច្រើន​ដែល​ធ្វើ​ឱ្យ​តួអង្គ​បាន​រៀន​សូត្រ​បន្ថែម​» នេះ​ជា​សម្ដី​របស់​លោក​ Lukasz Kluskiewicz​ តំណាង​ Netflix។

ចំណែក​អ្នក​និពន្ធ​សៀវភៅ​ Lipinska ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា​៖ «ខ្ញុំ​មាន​កិត្តិយស​ធំធេង​ណាស់​វគ្គ​ពីរ​បន្ថែម​ពី​សៀវភៅ​ 365 Days trilogy , This Day និង​ Next 365 Days នឹង​ត្រូវ​បាន​ផលិត​ចេញ​ជា​រូបរាង​ហើយ​បញ្ចាំង​នៅ​លើ​ Netflix។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​​ដែល​បាន​បង្ហាញ​អ្នក​គាំទ្រ​ប្រលោមលោក​ខ្ញុំ​នៅ​ទូទាំង​ពិភពលោក​ពី​ចរិត​លក្ខណៈ​ប្លែក​ថ្មី​និង​បន្ត​សាច់​រឿង​មិន​ទាន់​បញ្ចប់​របស់​ Laura និង Massimo»។

ឈុតដកស្រង់​ចេញ​ពី​រឿង​ «365 Days»

សម្រាប់​សាច់​រឿង​២​ វគ្គ​ក្រោយ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីរ​ផ្នែក​ផលិត​និង​អ្នក​និពន្ធ​អាច​នឹង​មាន​លក្ខណៈ​ស្រាល​ជាង​ពី​វគ្គ​ទីមួយ​ ទាំង​ពាក្យ​ពេចន៍​​និង​ឈុត​ឆាក​ផ្សេងៗ​ ដែល​ជាចំណុច​រសើប​និង​បង្ក​ឱ្យ​មាន​​រិះគន់​ក្នុង​វគ្គ​ទីមួយ​។​ ​

សាច់​រឿង​នេះ​និយាយ​ពី​ស្ត្រី​ប៉ូឡូញ​វ័យ​ក្មេង​មួយ​រូប​ត្រូវ​បាន​សេដ្ឋី​ម៉ាហ្វៀ​ចាប់​ជំរិត​ហើយ​ទុក​រយៈ​ពេល​មួយ​ឆ្នាំ​ឱ្យ​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​គេ​។ ភាពយន្ត​ក្នុង​ពេល​បញ្ចាំង​ដំបូង​រង​នូវ​ការ​រិះគន់​ធ្ងន់​ៗ​ព្រោះ​តែ​​សាច់​រឿង​បង្ហាញ​ពី​ការ​ចាប់​បង្ខំ​ខាង​ផ្លូវ​ភេទ​ ការ​ប្រើ​ហិង្សា​និង​ការ​ចាប់​ជំរិត​៕​

Share.