ដូចការគ្រោងទុក វ៉ាក់សាំងកូវីដ១៩ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញនោះ បានដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះហើយ។

ការមកដល់នៃវ៉ាក់សាំងកូវីដ១៩បន្ថែមនេះ គឺស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ១៩របស់រាជរដ្ឋាភិបាលបាននិងកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ។

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអះអាងថា វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូស បន្ថែមទៀតនឹងមកដល់កម្ពុជានៅថ្ងៃទី២៣ខែឧសភាខាងមុខនេះ៕

Share.