ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត៧គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាបកាលពីពេលថ្មីៗនេះ នៅចំណុចបេនឡានអូរឫស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គេហទំព័រអគ្គស្នងការរដ្ឋាននគរបាលជាតិរាយការណ៍ថា ឧក្រិដ្ឋជនគ្រឿងញៀនដែលសមត្ថកិច្ច ចាប់ខ្លួនបាននោះមាន ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស ជាជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមាន៖ ១. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឈរ), ២.កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g, ៣. មេតំហ្វេតាមីន(ICE) 93.19g។ វត្ថុតាងគ្រឿងញៀន សរុប6 kg 643.91g, សារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1kg។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

Share.