កម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅវិទ្យាល័យថ្នល់ទទឹង និងសាលាបឋមសិក្សាកុយតិប បានសះស្បើយឡើងវិញចំនួន ១២៨នាក់ (ស្រី១០៤នាក់) ក្នុងចំណោមកម្មករចំនួន៧០៩នាក់ដែលឆ្លងជំងឺកូវីដ១៩ ។

នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងក្រុមការងារពាក់ព័ន្ធបានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី ទាំងនោះនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកណ្ដាល បានរំលឹកឲ្យកម្មករ កម្មការិនីទាំងអស់ អនុវត្តឲ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងរក្សាគម្លាតបុគ្គល ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ។

ជាមួយគ្នានេះ កម្មករ កម្មការិនីដែលបានជាសះស្បើយពីជំងឺទាំងអស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តកណ្តាល

Share.