អាមេរិក – គូស្នេហ៍​ Youtuber វ័យ​ក្មេង​ពីរ​រូប​ ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ក្រោយ​ក្រោម​បទ​ចោទ​ប្រកាន់​​ថា​បាន​​លាក់​ខ្លួន​​​​មួយ​យប់​នៅ​ផ្សារ​ទំនើប​ Target Store ដើម្បី​ថត​វីដេអូ​ដាក់​ Youtube។

​សារ​ព័ត៌មាន​ Independent បាន​ផ្សាយ​ថា​គូស្នេហ៍​វ័យ​ក្មេង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​​និង​ពិន័យ​ជា​ទឹក​ប្រាក់​២​ម៉ឺន​៥​ពាន់​ដុល្លារ​នេះ​ ខាង​​ប្រុស​មាន​ឈ្មោះ​ Johnson Larose វ័យ​២៥​ឆ្នាំ​ ចំណែក​ឯ​ខាង​ស្រី​មាន​ឈ្មោះ​ Charlotte Fischer មាន​វ័យ​២៤​ឆ្នាំ​។ អ្នក​ទាំងពីរ​ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​តាម​រយៈ​ឆាណែល​ Saucy and Honey។

រឿង​ហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នក​ទាំងពីរ​ចាប់​ខ្លួន​នោះ​គឺ​ព្រោះ​តែ​ពួកគេ​បាន​ចូលរួម​លេង​ Challenge មួយ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ចាំបាច់​ត្រូវ​លាក់​ខ្លួន​ក្នុង​ហាង​ទំនើប​ Exton Pennsylvania រយៈ​ពេល​២៤​ម៉ោង​ រួច​ហើយ​ថត​សកម្មភាព​ទាំង​អស់​បង្ហោះ​នៅ​លើ​ឆាណែល​ពួក​គេ​

វីដេអូ​ដែល​មាន​ឈ្មោះ​ថា​ «24 Hour Overnigth Challenge in Target» គឺ​ជា​វីដេអូ​ដែល​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ត្រូវ​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​ ហើយ​វីដេអូ​នេះ​​គឺ​ពួក​គេ​បាន​លាក់​ខ្លួន​ក្នុង​ទីនោះ​​តាំង​​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈមក​ម្ល៉េះ​។

យោង​តាម​សារ​ព័ត៌មាន​ Foxnews ក៏​បាន​ឱ្យដឹង​ដែរ​ថា​ក្រៅ​ពី​ទទួល​ពិន័យ​ពី​អាជ្ញាធរឱ្យ​បង់​ប្រាក់​២​ម៉ឺន​៥​ពាន់​ដុល្លារ​ហើយ​នោះ​ អ្នក​ទាំងពីរ​ក៏​ជាប់​បម្រាម​​ហាម​មិន​ឱ្យ​ចូល​​ក្នុង​ផ្សារ​ទំនើប​ណាមួយ​នៅ​ក្នុង​ Pennsylvania ផង​ដែរ​។

យោង​តាម​សារព័ត៌មាន​ Dailymail ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​អ្នក​ទាំងពីរ​នៅ​មិ​ន​ទាន់​រួច​ខ្លួន​នៅ​ឡើយ​ ព្រោះ​​​ត្រូវចូលខ្លួន​ទៅ​បំភ្លឺ​នៅ​​តុលាការ​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា​ ម្ដង​ទៀត​ ហើយលទ្ធផល​យ៉ាង​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។

«The 24 Hour For Challenge» ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​មួយ​ទៀត​ថា​ «24 hour Challenge» ឬ​ក៏​ «Overnight Challenge» បាន​កើត​ឡើង​កាល​​មាន​ឡើង​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ទទួល​បាន​ប្រជាប្រិយភាព​និង​មាន​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០១៨៕

ប្រភព៖ dailymail, Foxnews, Independent

Telegram-Troryorng
Share.