ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សាកសពក្មេងស្រីសិស្សសាលា ដែលបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា កាលពីថ្ងៃទី១៤ខែមីនានោះ បានអណ្តែតឡើងនិងត្រូវបានស្រង់ឡើងមកលើគោកប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីហើយ។

សមត្ថកិច្ចបានឲ្យដឹងថា យុវតីដែលលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះ ជា វិជ្ជារ៉ា ជាសិស្សរៀននៅវិទ្យាល័យសម្តេចម៉ែ ហើយបានលោតទឹកសម្លាប់ខ្លួនលិចបាត់ បន្សល់ទុកតែម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-5921 ទូរស័ព្ទមួយគ្រឿងម៉ាក iphone ពណ៌ស ស្បែកជើងមួយគូ និងកាតាបមួយមានដាក់សម្ភារៈសិក្សាមួយចំនួននៅក្នុងនោះ។ជាមួយគ្នានេះ គេបានរកឃើញបណ្តាំមួយសន្លឹក ដែលបានសរសេររៀបរាប់ថា « ខ្ញុំល្ងង់ខ្លួនឯងដែលរើសផ្លូវនេះ តែខ្ញុំគិតថាវាជាជម្រើសល្អហើយ ធ្លាប់ជាសិស្សពូកែ ដែលធ្វើឲ្យអ្នកគ្រប់គ្នាមានមោទនភាព តែពេលនេះ សូម្បីតែគ្រូក៏គាត់ដៀលដែរ ខ្ញុំពិតជាមិនអាចធ្វើឲ្យប៉ាម៉ាក់បានដូចបំណង ចឹងហើយទើបខ្ញុំរើសផ្លូវនេះ កុំយំអី ខ្ញុំរើសចឹងត្រូវហើយ បងឈីងគេងម្នាក់ឯង បាត់អូនចឹង ប្រហែលរាងប្លែកតិចហើយ តែមិនអីទេ តិចទៅស៊ាំហើយ ភ្លេចប្រាប់អូនចូលចិត្តផ្កាម្លិះ និងកូលាប ទិញដាក់បន្ទប់អូនផង អូនចូលចិត្តណាស់ Bye Bye .. » ។

ជុំវិញករណីនេះ សមត្ថកិច្ចសន្និដ្ឋានបឋមថា អាចបណ្តាលមកពីការបាក់ទឹកចិត្ត ទើបឈានដល់ការបញ្ចប់ជីវិត បែបនេះ ។

បន្ទាប់មកសពរបស់ក្មេងស្រីត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច័យរួចប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមទន្លៀមទម្លាប់ប្រពៃណី៕

អត្ថបទ៖នេន មិនា

Share.