តាមការកត់សម្គាល់ ជារៀងរាល់ឆ្នាំ​កម្មវិធី«បុណ្យភូមិ»​តែងតែ​ត្រូវបាន​រៀបចំឡើង​នៅដើមខែមេសា ដើម្បីស្វាគមន៍និងអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពាក់កណ្ដាលខែ។ កម្មវិធីបែបប្រពៃណីមួយនេះ ត្រូវបានធ្វើឡើងនៅតាមទី​វត្តអារាមដែលជាការ​រៀបចំ​ដោយក្រុម​ស្ថាបនិក​លើកស្ទួយ​សិល្បៈ​វប្បធម៌​មួយឈ្មោះថា​ភ្លើងគប់​។​

កម្មវិធី «បុណ្យភូមិ» ជាកម្មវិធីបែបប្រពៃណីមួយដែលប្រមូលផ្តុំ និងគាស់រម្លើងឡើងវិញនូវទម្រង់សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី ពិធីសាសនា ការជួបជុំរបស់ជនជាតិខ្មែរ ក្នុងកំឡុងពេលចូលឆ្នាំប្រពៃណីជាតិ អមជាមួយនឹងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ដជាមួយចង្វាក់ប្រពៃណីខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ មានការបង្ហាញនិងលក់ម្ហូបអាហារ ផលិតផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។ តែដោយឡែកនៅអំឡុងឆ្នាំ ២០២១ កម្មវិធីបុណ្យមួយនេះត្រូវបានប្រព្រឹត្តិឡើងតាមបែបឌីជីថលវិញម្ដង ដើម្បីរួមចំណែកការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យកាត់បន្ថយការជួបជុំ និងការប្រមូលផ្ដុំគ្នា។

យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២២នេះ​កម្មវិធី«បុណ្យភូមិ»​ បានវិលត្រឡប់មកវិញហើយ និងកំពុងប្រកាសរកសមាជិកឡេឡេបុណ្យភូមិជំនាន់ទី៩ ដើម្បីរួមចំណែកក្នុងការរៀបចំកម្មវិធី។ បើតាមសេចក្ដីប្រកាសរបស់គណៈកម្មការរៀបចំកម្មវិធី «បុណ្យភូមិ» បានប្រកាសឱ្យដឹងថា ពិធីបុណ្យនេះហ្នឹងរៀបចំក្នុងពេលឆាប់ៗនេះ ហើយចំពោះយុវជនដែលមានបំណងចង់ចូលរួមជា “ឡេឡេបុណ្យភូមិ” ជំនាន់ថ្មីទី៩ ឆ្នាំ២០២២នេះ គឺតម្រូវឱ្យគោលលក្ខខណ្ឌដូចជា ៖ -ចូលចិត្តសិល្បៈ និងវប្បធម៌ខ្មែរ -ស្រលាញ់ការច្នៃប្រឌិត -ចង់យកជំនាញដែលខ្លួនចេះមកប្រើប្រាស់-មានពេលវេលា -ស៊ូ និងអំនត់។ ចំពោះថ្ងៃផុតកំណត់ទទួលពាក្យថ្ងៃទី១៩​ ខែមិនា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរ គេនៅមិនទាន់ដឹងពីទីតាំងកំណត់របស់កម្មវិធីបុណ្យភូមិនៅក្នុងឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅទីវត្តអារាមណាមួយនោះទេ។ ក៏ប៉ុន្ដែមានមហាជនជាច្រើននាក់បានសំណូមពរឱ្យគណៈកម្មការរៀបចំកម្មវិធី ជ្រើសរើសទីតាំងវត្តកៀនស្វាយ ឬវត្តទួលទំពូង ជាទីតាំងសម្រាប់ក្នុងឆ្នាំនេះផងដែរ៕

ប្រភព៖ BonnPhum បុណ្យភូមិ

Telegram-Troryorng
Share.

Leave A Reply