លោក យ៉ែម សំអូន ត្រូវបានមហាជនអ្នកគាំទ្រទទួលស្គាល់ថា លោកតារាចម្រៀងប្រុសចាស់វស្សា និងមានបទពិសោធន៍សិល្បៈពេញខ្លួន ។ ស្រាប់តែថ្មីៗនេះលោកចេញមកទម្លាយអារម្មណ៍នៅលើហ្វេសប៊ុករបស់លោកថា លោកពិតជាមានអារម្មណ៍នឿយណាយ ហើយធុញនឹងការងារសិល្បៈដែលសម្បូរទៅដោយការច្រណែននិន្ទាគ្នា រហូតដល់ថ្នាក់លោកចង់លាឈប់ពីសិល្បៈតែម្ដង។

យ៉ែម សំអូន និយាយទៅហ្វេនអ្នកគាំទ្រថា សព្វថ្ងៃនេះលោកមានអារម្មណ៍ថា ដូចជាហត់ នឿយណាយ ធុញនឹងការងារសិល្បៈ ដែលមានតែការច្រណែន និន្ទាគ្នា ប្រើមនោសញ្ជេតនា រាប់អានគ្នារបៀប ក្លែងក្លាយ ប៉ុន្តែសំដែងធ្វើដូចមែនទែន…។ លោកថា ពេលខ្លះលោកជួប លោកឃើញ លោកដឹង ទាំងអស់ប៉ុន្តែត្រូវធ្វើដូច មិនដឹង មិនឃើញ ហើយលួចសរសើរនៅខាងសម្ដែងយកមុខរបស់គេ។ លោកបានសួរទៅកាន់ហ្វេនថា ៖ «សុំសួរមួយសម្រាប់បងប្អូនប្អូន Fan អ្នកគាំទ្រ ទាំងអស់គ្នា បើថ្ងៃណាមួយ ខ្ញុំឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្ដាយខ្ញុំទេ?សូមជួយប្រាប់ខ្ញុំផង។ នេះជាអារម្មណ៍ពិតរបស់ខ្ញុំ»។

ភ្លាមៗនេះ អ្នកគាំទ្ររបស់លោកបាន Comment ឆ្លើយតបទៅលោកវិញថា ៖ «ទ្រាំទៅបង បើដល់ចំណុចនេះហើយ ស៊ូៗបង ប្អូនក៏ជាម្ចាស់តន្ត្រីកំប៉ិកកំប៉ុកក្នុងស្រុកមួយដែរ រឿងរ៉ាវមួយនេះខ្ញុំជួបច្រើនណាស់ ប៉ុន្តែនៅតិចជាងបងទេ ដោយសារបងជារៀមច្បងនៃសិល្បៈ ការអត់ធ្មត់ និងការតស៊ូព្រមទាំងបទពិសោធន៍គឺបងមានច្រើនណាស់ បទភ្លេងបងមួយបទមួយបទគឺពីរោះ ស្ដាប់ទៅមិនចេះជិនណាយ»។ មានខ្លះទៀតនិយាយថា៖ «ទោះបងចេញពី​សិល្បៈ​ក៏បងនៅតែជួបដែរបង​ ចឹងកុំចេញល្អជាងព្រោះនៅក្នុងនោះបងបានស្គាល់មុខពួគគាត់​ តែបើបងចេញបងនឹងមិនដឹងថាអ្នកណាជាអ្នកណាទេ។ និយាយរួមគឺប្អូនអត់ចង់អោយចេញ»។ ហើយខ្លះទៀតថា៖ «កុំចុះចាញ់ណាបង បងឈរនៅលើកាពិតមួយដែលមនុស្សជាច្រើនមិនអាចធ្វើបានដូចបង ទម្រាំបងមកដល់ចំណុចនេះបងតស៊ូខ្លាំងណាស់ ជួបព្យុះភ្លៀង ឧប្បសគ្គច្រើនណាស់ បងមិនអាចចុះចាញ់បានទេ ហើយបងក៏ដឹងដែរមិនថាពិភពសិល្ប: រឺសង្គមខាងក្រៅ គឺសំបូទៅដោយការសំដែង មិត្តភាពក្លែងក្លាយ តែអ្វីដែលសំខាន់យើងត្រូវធ្វើជាមនុស្សពិត សុចរិត ស្មោះត្រង់ មានតែសេចក្តីពិតទេទើបឈ្នះអស់មាសត្រូវ»។

ក្រៅពីមហាជនអ្នកគាំទ្រហើយនោះ គេក៏ឃើញមានអតីតតារាចម្រៀង សេន រ៉ានុត ចេញមុខលើកទឹកចិត្តលោកនិងគាំទ្រសម្ដីលោកថា៖ «ដូច្នោះហើយទើបខ្ញុំលាលែង តែច្រៀងលេងម្ដងម្កាលបានហើយ»។ ភ្លាមៗក៏ស្រាប់តែឃើញតារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ បានបញ្ចេញមតិដែរថា៖ «នុតត្រូវតែច្បាស់និងទទួលយកថាខ្លួនយើងជាមនុស្សបែបណា? បើយើងច្បាស់ថាយើងមិនបានសាងការឈឺចាប់ ធ្វើខុសទៅលើនរណាសូមនុតកុំខ្វល់ ដកសម្ពាធចេញពីខ្លួនយើងឱ្យអស់ រក្សាចិត្តគំនិតទុកគិតរឿងល្អ រក្សាជីវិតធ្វើរឿងល្អៗ កុំខ្វល់និងគេស្រលាញ់យើងរឺអត់ ដូចនេះសុំកុំគិតអី»។ «រឿងសិល្បៈក៏ដូចគ្នា យើងធ្វើសម្រាប់អ្នកស្រលាញ់យើងនិងគាំទ្រយើង ចំពោះអ្នកមិនពេញចិត្តកុំខ្វល់ នុតជឿខ្ញុំ១ថា មនុស្សយើងពិបាកណាស់កាលបើគេមិនបង្ហាញពីចិត្តឲ្យយើងដឹង បើដឹងថាគេសម្តែងជាមួយ មិនល្អ នៅគិតអីទៀតយើងដើរតាមក្រោយគេតើ»។

យ៉ាងណាមិញ គេឃើញមានមហាជនអ្នកគាំទ្រច្រើនណាស់ ដែលសម្ដែងការគាំទ្រគំនិតរបស់លោក យ៉ែម សំអូន លោក សេន រ៉ានុត និងលោក ណុប បាយ៉ារិទ្ធ ដែលសុទ្ធតែរៀមច្បងក្នុងសិល្បៈ៕

Telegram-Troryorng
Share.