ថ្វី​ត្បិត​​បច្ចុប្បន្ន​​តម្លៃ​ប្រេងសាំង​ហក់​ឡើង​ខ្ពស់​​​ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​​​ជួប​ប្រទះ​នូវ​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​បើ​ងាក​ទៅ​មើល​ផ្នែក​សិល្បៈ​​តារា​ខ្លះ​​​កំពុង​តែ​ប្រើ​ជីវិត​រស់​បែប​ស៊ីវិល័យ​​ហាក់​មិន​រង្គោះរង្គើ​ឡើយ​ ឧទាហរណ៍​ដូច​ជា​តារា​ចម្រៀង​ប្រចាំ​ហង្សមាស​ចំនួន​៣​ដួង​ ​ទើប​នឹង​បង្ហោះ​សម្ញែង​រថយន្ត​បកពី​កេស​របស់​ខ្លួន​។​​

យោង​តាម​ការ​បង្ហោះ​ចែក​រំលែក​របស់​លោក​ ណុប​ បាយ៉ារិទ្ធិ​ តារា​ចម្រៀង​ជើង​ចាស់​និង​​ជា​តារា​ចម្រៀង​ចាស់​វស្សា​ប្រចាំ​ផលិតកម្ម​ ហង្សមាស​ និង​រស្មីហង្សមាស​ បាន​ទម្លាយ​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ថា​ ៖ «អរគុណ​ពេល​វេលា​អោយ​ពួក​យើង​ស្គាល់​គ្នា​ ​ពី​កូន​ក្រុម​ក្នុង​កម្មវិធី​ ​មក​ជា​ប្អូន​ ​រួម​សុខ​ ​រួម​ទុក្ខ​ ​ផ្តល់​កម្លាំង​ចិត្ត​អោយ​គ្នា​ ឈាន​មក​ដល់​ចំនុច​នេះ​គឺ​ជា​មោទនភាព​មួយ​សម្រាប់​ប្អូន​ទាំង​២​ ​មិន​ខ្វល់​ថា​គេ​ថា​យើង​អន់​ មិន​ខ្វល់​គេ​ស្រលាញ់​យើង​ឬ​អត់​ ​តែ​យើង​ត្រូវ​ច្បាស់​ថា​បាន​ស្រលាញ់​គេ​រួច​ហើយ​ ​លទ្ធផល​បែប​ណា​ចាំ​គិត​ទៀត​។ ​អរគុណ​ការ​មើល​ងាយ​ អរគុណ​ការ​ឈឺចាប់​ដែល​ជំរុញ​ទឹក​ចិត្ត​អោយ​ឈាន​មក​ដល់​ចំនុច​នេះ​ ​អ្នក​ចង់​ធ្វើ​ជា​កូន​ឆ្មា​ ​ឬ ​ចង់​ធ្វើ​ជា​កូន​តោ​ គឺ​នៅ​លើ​ខ្លួន​យើង​ជា​អ្នក​កំណត់​ពី​អត្តសញ្ញាណ​ខ្លួន​ឯង​ ​។​ ស៊ូ ស៊ូ ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ​ទៅ​រក​ជោគ​ជ័យ​ធំ​ជាង​នេះ​ទៀត​។ចុង​ក្រោយ​បង​ចង់​ប្រាប់​ថា​ ​៖ ​ដរាប​ណា​អ្នក​នៅ​មាន​កម្លាំង​ចិត្ត​ ចូរ​ឆ្លាក់​ជីវិត​របស់​ខ្លួន​ឯង​អោយ​បាន​ល្អ​បំផុត​នោះ​អ្នក​និង​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​ថា​អ្នក​មិន​អន់​ទេ​។ #​អោយ​កម្លាំង​ចិត្ត​ខ្លួន​ឯង​ដើម្បី​ឆ្លាក់​ជីវិត​អោយ​ល្អ​បំផុត​ព្រោះ​អ្នក​មិន​អន់​ទេ»

ជាមួយ​នឹង​ការ​បង្ហោះ​សំនេរ​ដ៏​វែង​អន្លាយ​នោះ​ ម្ចាស់​បទ​ចម្រៀង​ «យើង​ជា​អ្នក​ស្រែ​ត្រូវ​ជឿ​អ្នក​ស្រែ​ដូច​គ្នា​» បាន​ភ្ជាប់​មក​ជាមួយ​នឹង​រូប​ថត​៣​សន្លឹក​ ដែល​ក្នុង​នោះ​មាន​រូប​លោក​ កញ្ញា​ ឈីន​ រតនៈ និង​កញ្ញា​ ចំរើន​ សុភ័ក្ត្រ​ ឈរ​ថត​ក្បែរ​រថយន្ត​​ថ្មី​សន្លាងម៉ាក​ល្បី​ដូច​ជា​ Peugeot 3008 2022, Hyundai Tucson 2022, និង​ Forthing 2022។

សូម​ចុច​អាន​ – សាំង​ឡើង​ថ្លៃ​អត់​បញ្ហា​! ចំរើន សុភ័ក្ត្រ ស្វាគមន៍​សមាជិក​ថ្មីចូល​ផ្ទះគឺ​រថយន្ត​ខ្លាញ់​គោ​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​​

យោង​តា​មហាង​ឆេង​រថយន្ត​ស៊េរី​ទំនើប​ទាំង​អស់​នេះ​ មាន​តម្លៃ​ខ្ពស់​ដូច​ជា​ Forthing 2022 មាន​តម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​ ចំណែក​រថយន្ត hyundai Tucson 2022 មាន​តម្លៃ​ ៥​​១,០០០ម៉ឺន​ដុល្លារ​ (នេះ​បើតាម​ការ​បង្ហោះ​របស់​ផេក​ hyundai-Cambodia) ខណៈ​ដែល​រថយន្តទំនើប​​ Peugeot 3008 ឆ្នាំ​ ២០២២ មាន​តម្លៃ​​លក់​​​ចេញ​នៅ​លើ​​ Khmer24 (វែបសាយ​ខ្មែរ​២៤) មាន​តម្លៃ​ ៦៧,០០០ដុល្លារ​អាមេរិក​៕

ប្រភព៖ Nop Bayyareth 

Telegram-Troryorng

Share.