ក្លិប​បាល់ទាត់​គីរីវង់សុខសែនជ័យ សមាជិក​ពានរង្វាន់​បាល់ទាត់ Cambodian Premier League 2022 បាន​ប្រកាស​ថា​​កីឡាករ​បរទេស​១រូប​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​កោះ​ហៅ​ឱ្យ​ចូល​ក្នុង​ក្រុម ដើម្បី​បេសកកម្ម​អំឡុង​ពេល​នៃ​ប្រតិទិន​ប្រកួត​អន្តរជាតិ FIFA ក្នុង​ខែ​មីនា (FIFA International Calendar)។

កីឡាករ​រូប​នោះ​គឺ​ Jose Elmer Porteria ដែល​ជា​ខ្សែ​បម្រើ​​ប្រយុទ្ធ​ជនជាតិ​ហ្វីលីពីន ដែល​បាន​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​គីរីវង់សុខសែនជ័យ ចំនួន​២ប្រកួត​និង​រក​បាន​គ្រាប់​បាល់​១គ្រាប់​ផង​ដែរ។ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ត្រូវ​ធ្វើដំណើរ​ទៅ​​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី ក្នុង​ព្រឹត្តិការណ៍​មួយ​ឈ្មោះ 2022 FAS Tri-Nations Series នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី (Singapore Sport Hub)។

សម្រាប់​កម្មវិធី​ប្រកួត​2022 FAS Tri-Nations Series នេះ​មាន៖
-២៣ មីនា ២០២២ ម៉ាឡេស៊ី ប៉ះ ហ្វីលីពីន
-២៦ មីនា ២០២២ សិង្ហបុរី ប៉ះ ម៉ាឡេស៊ី
-២៩ មីនា ២០២២ សិង្ហបុរី ប៉ះ ហ្វីលីពីន

កីឡាករ​វ័យ​២៧ឆ្នាំ​រូប​នេះ​ធ្លាប់​ចូលរួម​ក្រុម​យុវជន​ហ្វីលីពីន វ័យ​២២​ឆ្នាំ​នៅ​ឆ្នាំ​២០១២ ខណៈ​នៅ​ឆ្នាំ​២០១១ រូប​គេ​ត្រូវ​បាន​កោះហៅ​ចូលក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ។ កីឡាករ​ដែល​កើត​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ខាង​លើ​បាន​ជាប់​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១២ មក​ម៉្លេះ។

OJ Porteria ជា​កីឡាករ​​បរទេស​ទី២​ហើយ​ដែល​ប្រកប​អាជីព​ក្នុង​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​ស្រុក​កំណើត​ខ្លួន​កោះហៅ​ឱ្យ​ចូល​ក្រុម​បន្ទាប់​ពី​កីឡាករ​ជនជាតិ​អាហ្វហ្គានីស្ថាន Fareed Sadat របស់​ភ្នំពេញក្រោន៕

Telegram-Troryorng
Share.