ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារ  ឧកញ៉ា។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ ដឹកនាំដោយឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន និងមានអនុប្រធាន និងសមាជិក ១១រូបផ្សេងទៀត។

ភារកិច្ចរបស់ក្រុមការងារអន្តរក្រសួងនេះរួមមាន ៖

-សិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
-សិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
-សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំ
-រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា
-ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ
-រៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ សម្រេច
-បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។

ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន។

ជាការកត់សំគាល់ ការបង្កើតក្រុមការងារអន្តរក្រសួងនេះកើតមានឡើងបន្ទាប់ពីមួយរយៈចុងក្រោយនេះ មានរឿងអាស្រូវកើតឡើងចំពោះឧកញ៉ាមួយចំនួនដែលនាំឲ្យប៉ះពាល់ដល់ កិត្តិយសរបស់ឧកញ៉ាជាច្រើនទៀតដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលក្នុងអភិវឌ្ឍប្រទេស៕

Share.