ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា មាន​បេសកកម្ម​ទៅ​ប្រកួត​បង្គ្រប់​ដែល​នៅ​សេសសល់​​​​ក្នុង​ពូល C នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី នៅ​ក្នុង​ខែ​មិថុនា ខាង​មុខ ជាមួយ​ក្រុម​អ៊ីរ៉ង់ អ៊ីរ៉ាក់ ហុងកុង និង​ម្ចាស់​ផ្ទះ​បារ៉ែន។

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រាប់​ក្រុមការងារ«ត្រយង» ថា​៖«បើ​មិន​ការ​ប្រែប្រួល​ ក្រោយ​ចប់​សកម្មភាព​ប្រកួត​លីគ​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​២៦ ឧសភា យើង​ជុំ​គ្នា​បាន​១ថ្ងៃ​ ហើយ​ចេញ​ដំណើរ​ទៅ​បារ៉ែន នៅ​ថ្ងៃ​ទី២៨ ឧសភា តែ​ម្តង ហើយ​បញ្ជី​ឈ្មោះ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា យើង​នឹង​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ​នេះ»។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,​អ៊ីរ៉ាក់,​អ៊ីរ៉ង់,​បារ៉ែន​​​និង​​ហុងកុង នឹង​​​ប្រកួត​នៅ​ប្រទេស​បារ៉ែន

លោក​បាន​បន្ត​ថា​៖«តាម​ផែនការ​របស់​យើង​លើក​នេះ យើង​មិន​មាន​សកម្មភាព​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ប្រទេស​ណាមួយ​នោះ​ទេ ដោយ​យើង​ធ្វើដំណើរ​ទៅ​បារ៉ែន ផ្ទាល់​ហើយ​ធ្វើការ​ហ្វឹកហាត់​នៅ​ទីនោះ រហូត​ដល់​ថ្ងៃ​ប្រកួត​តែ​ម្តង»។

គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ថ្មី​ជនជាតិ​ជប៉ុន លោក Ryu Hirose មាន​បញ្ហា​រឿង​រើស​កីឡាករ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩ រីករាលដាល​ហើយ​សកម្មភាព​បាល់ទាត់​ក្នុង​ស្រុក​នានា​ត្រូវ​ផ្អាក​ផង​ដែរ។ លោក​ធ្លាប់​បាន​លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ថា៖«ពួក​យើង​បាន​ទស្សនា​ការ​ប្រកួត​មួយ​ចំនួន​រួច​មក​ យើង​បាន​កត់សម្គាល់​ឃើញ​ថា​ការ​បង្ហាញ​ខ្លួន​របស់​កីឡាករ​នៅ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​សម្រេច​ចិត្ត​ជ្រើសរើស​កីឡាករ​ផ្អែក​លើ​សមិទ្ធផល​ដែល​ពួក​គេ​សម្រេច​បាន​កន្លង​មក​ដល់​ពេល​បច្ចុប្បន្ន​និង​ជា​កីឡាករ​ដែល​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពេល​អនាគត។ ពួក​យើង​មាន​ភាព​ជឿជាក់​លើ​កីឡាករ​ដែល​ពួក​យើង​បាន​ជ្រើសរើស»។

អត្ថបទពាក់ព័ន្ធ៖គ្រូ​ថ្មី​កម្ពុជា រើស​កីឡាករ​ទៅ​ជម្រុះ World Cup ផ្អែក​លើ​ហេតុផល​២យ៉ាង​​នេះ

សូម​បញ្ជាក់​ថា​ការ​ប្រកួត​វគ្គ​ជម្រុះ​ពូល C នេះ​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន ពី​ថ្ងៃ​ទី​៣ ដល់​១៥ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​កម្ពុជា ត្រូវ​ជួប​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី​៧ មិថុនា និង​ចុងក្រោយ​ជួប​ក្រុម​អ៊ីរ៉ាក់ នៅ​ថ្ងៃ​ទី១១ មិថុនា។ ក្រុម​ដែល​ឈរ​លេខ១​និង​លេខ២​ក្នុង​ពូល មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ហើយ​ក្រុម​ដែល​ឈរ​លេខ​​៣​ដល់​លេខ៥ គឺ​​ត្រូវ​កំណត់​ចំណាត់ថ្នាក់​ដើម្បី​បន្ត​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប AFC Asian Cup 2023 នៅ​ប្រទេស​ចិន៕

រូបថត៖FFC

Share.