សារ​ព័ត៌មាន​ Bestlife បាន​លើក​ឡើង​ថា​​ ​​កញ្ញា​ Thuzar Wint Lwin ប្រើ​ឱកាស​បង្ហាញ​ខ្លួន​លើ​វេទិកា​ប្រកួត​សម្រស់​លំដាប់​ពិភពលោក​​ Miss Universe 2020 បង្ហាញ​គោល​ជំហរ​ប្រឆាំង​តវ៉ា​នឹង​រដ្ឋបាល​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ជា​សកម្មភាព​មួយ​មិន​ធ្លាប់​មាន​បេក្ខនារី​ប្រទេស​ណា​ធ្លាប់​បាន​ធ្វើ​នោះ​ទេ​នៅ​លើ​វេទិកា​មួយ​នេះ​​។​​

សូមចុចត្រង់នេះ​៖ អបអរ​ប្រទេស​អាស៊ាន​ ទាំង​៥​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Top21

​បវរកញ្ញា​មីយ៉ាន់ម៉ា​ កញ្ញា​ Thuzar Wint Lwin បាន​ឡើង​បង្ហាញ​ខ្លួន​លើ​វេទិកា​ប្រកួត​ Miss Universe 2020 នៅ​ក្នុង​សណ្ឋាគារ​ Seminole Hard Rock Hotel & Casino នៅ​ក្រុង​ Hollywood រដ្ឋ​ហ្ល័ររីដា។​ ជា​ទំនៀម​សម្រាប់​កម្មវិធី​ប្រកួត​ បេក្ខនារី​គ្រប់​រូប​នឹង​មាន​ឱកាស​បាន​ផ្សព្វផ្សាយ​ពី​ប្រទេស​កំណើត​របស់​ខ្លួន​ ប៉ុន្តែ​ឆ្នាំនេះ​ខុស​គ្នា​ស្រឡះ​បវរកញ្ញា​មីយ៉ាន់ម៉ា​ បាន​ឆ្លៀត​ឱកាស​នេះ​បង្ហាញ​ពី​គោលជំហរ​ប្រឆាំង​និង​បាតុកម្ម​ប្រឆាំង​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​របស់​ខ្លួន​។ សកម្មភាព​របស់​បេក្ខនារី​រូប​នេះ​បាន​ទាញ​បាន​ចំណាប់​អារម្មណ៍​មនុស្ស​ទូទាំង​សកលលោក​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​ពី​សកម្មភាពរបស់​ទ័ព Junta ដែល​បាន​ប្រើ​ប្រាស់​ហិង្សា​លើ​ប្រជាពលរដ្ឋ​ កាល​ពី​ថ្ងៃ​ទី​១​​ខែ​កុម្ភៈ​​ កន្លង​ទៅ​។​

«ប្រជាជន​ពួក​យើង​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​សម្លាប់​របស់​កងយោធា​ជា​រៀងរាល់​ថ្ងៃ​» បវរកញ្ញា​រូប​នេះ​និយាយ​ក្នុង​វីដេអូ​កំឡុង​ពេល​ប្រកួត​ «ខ្ញុំ​ចង់​សុំ​ឱ្យ​​អ្នក​រាល់​គ្នា​ជួយ​និយាយ​ពី​ប្រទេស​មីយ៉ាន់ម៉ា​។​ក្នុង​នាម​ជា​បវរកញ្ញា​ចក្រវាឡ​របស់​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​ ខ្ញុំ​បាន​និយាយ​ច្រើន​ទៅ​តាម​លទ្ធភាព​របស់​ខ្ញុំ​ហើយ​»។​

ថ្វី​ត្បិត​តែ​បវរកញ្ញា​មីយ៉ាន់ម៉ា​មិន​បាន​ជាប់​ក្នុង​ចំណោម​ Top5 ក៏​ពិត​មែន​ប៉ុន្តែ​ឈុត​តំណាង​ជាតិ​ដែល​កញ្ញា​ស្លៀក​អម​ជាមួយ​នឹង​ពាក្យ​ ​«​បួងសួង​ដល់​ប្រទេស​មីយ៉ាន់ម៉ា​» ​បាន​ក្លាយ​ជា​ឈុត​តំណាង​ជាតិ​ដ៏​ល្អ​ផ្ដាច់​គេ​នៅ​ក្នុង​ការ​ប្រកួត​ Miss Universe 2020 ឆ្នាំ​នេះ​៕

Share.