លទ្ធផលតេស្តកូវីដ១៩នៅតាមបណ្តាខេត្តមួយចំនួនត្រូវបានផ្សព្វផ្សាយជាបណ្តើរៗហើយ។

ពីខេត្តកំពង់ធំ!

រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បានរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។

ពីខេត្តបាត់ដំបង!

រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ថា រកឃើញមនុស្សចំនួន៤នាក់បន្ថែមទៀត ឆ្លងជំងឺ កូវីដ១៩ ក្នុងនោះ៣នាក់ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ជាពលករមកពីប្រទេសថៃ។អ្នកឆ្លងថ្មីនេះ រស់នៅក្នុងស្រុកបវេលនិងស្រុកមោងឫស្សី។

ចាប់ផ្ដើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៩៦នាក់ បានព្យាបាលជាសះស្បើយចំនួន៣៨នាក់ ករណីស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៧នាក់។

ពីខេត្តពោធិ៍សាត់!

ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានរកឃើញមនុស្សចំនួន៣នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះ២នាក់មកពីប្រទេសថៃ និងម្នាក់ជាអ្នកធ្លាប់ប៉ះពាលជាមួយអ្នកជំងឺកូវីដ១៩ នាពេលកន្លងទៅ។

គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៦២នាក់ (ស្រី៣១នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់), បាង់បង់ជីវិត ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៤ករណី (ស្រី២៧នាក់)។

ពីខេត្តកំពង់ឆ្នាំង!

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរកឃើញវិជ្ជមានកូវីដ១៩ម្នាក់ទៀត នៅថ្ងៃទី១៧ ខែឧសភានេះ ទៅលើស្ត្រីអាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ។

ការរកឃើញនេះគឺបន្ទាប់ពីមាន២នាក់ប្ដីប្រពន្ធបានឌុបគ្នាមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគំរូក្រុង ដើម្បីសុំឱ្យគ្រូពេទ្យពិនិត្យសំណាក ដោយសារតែស្ត្រីជាប្រពន្ធមានអាការៈមិនស្រួល ខ្លួនខ្លាំង។ បន្ទាប់ពីពិនិត្យសំណាក ប្រពន្ធត្រូវបានរកឃើញវិជ្ជមាន រីឯប្ដីលទ្ធផលអវិជ្ជមានលើកទី១ ហើយស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅព្យាបាលនៅស្រុកកំពង់ត្រឡាច។ ករណីនេះបច្ចុប្បន្នបុគ្គលិកនៃមន្ទីរសុខាភិបាល និងអាជ្ញាធរ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធយកមកពិនិត្យសំណាកជាបន្ទាន់ផងដែរ៕

Share.