បន្ទាប់​ពី​ធ្វើ​ពិធី​សែន​ក្រុង​ពលី​និង​ដំណើរ​ការ​ថត​​ចាប់​តាំង​ពី​ជិត​ចុង​ឆ្នាំ​២០២០​ កន្លង​មក​អ្នក​គាំទ្រ​បាន​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​ដំណឹង​​នៃ​ការ​ចាក់​បញ្ចាំង​រឿង​ «​ស្នាម​ស្នេហ៍​សមុទ្រ​រាម​» ​របស់​ស្ថានីយ​ទូរទស្សន៍​​ភីអិនអិន​។​ យ៉ាង​ណា​មិញ​​ថ្មីៗ​នេះ​មាន​លេច​ឮ​ដំណឹង​ល្ហិចល្ហៀង​មក​ថា​ រឿង​ភាគ​ដែល​ជា​ស្នាដៃ​យ៉ាង​សម្រិត​សម្រាំង​ថ្មី​មួយ​នេះ​នឹង​ត្រៀម​បញ្ចាំង​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​។​ ​

ពិធីក្រុងពាលី «ស្នាមស្នេហ៍សមុទ្ររាម»

​​បងប្អូន​ប្រជាពលរដ្ឋ​ប្រហែល​ជា​នៅ​ចាំ​បាន​ថា​ ​កាល​ពី​ ១៧ ​ឆ្នាំ​មុន​​​រឿង​ ​«​ស្នាម​ស្នេហ៍​សមុទ្រ​រាម​»​​ ​ ​ស្នាដៃ​ផលិត​​និង​ដឹកនាំ​របស់​ផលិតករ​ជើង​ចាស់​ពេញ​សមត្ថភាព​អ្នក​ស្រី​ ​ពាន់​ ​ភួង​បុប្ផា​ ​គឺ​ជា​រឿង​ល្បីល្បាញ​និង​ពេញ​និយម​​តាម​ដាន​ទស្សនា​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ រហូត​នៅ​ឆ្នាំ​២០២០​ ​រឿង​ ​«​ស្នាម​​ស្នេហ៍​សមុទ្រ​រាម» ​ត្រូវ​បាន​ថត​និង​ផលិត​ឡើង​ក្រោម​ការ​គាំទ្រ​និង​សហការ​ពី​ទូរទស្សន៍​ភីអិនអិន។ ​​

តួឯកប្រុសស្រីរឿង​ «ស្នាមស្នេហ៍សមុទ្ររាម»

ក្រោយ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ថត​រួច​រាល់​កាល​ពី​ជិត​ចុង​ឆ្នាំ​២០២០​កន្លង​មក​ អ្នក​គាំទ្រ​បាន​រង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​ដំណឹង​នៃ​ការ​ចាក់​បញ្ចាំង​រឿង​នេះ​​ ព្រោះ​មាន​ការ​ជឿជាក់​លើ​ស្នាដៃ​ផលិត​របស់​ផលិតករ​​ ជើងចាស់​ ​ដែល​បាន​ធ្វើ​ឱ្យ​រឿង​ភាគ​ខ្មែរ​ ​«រសជាតិ​អ្នក​មាន​»​ ​ល្បី​កក្រើក​ម្ដង​រួច​ហើយ​នោះ​។ ​

អ្នកស្រី ពាន់ ភួងបុប្ផា និង តារាសម្ដែង «ស្នាមស្នេហ៍សមុទ្ររាម»

ថ្មីៗ​នេះ​មាន​ដំណឹង​បែកធ្លាយ​មក​ថា​រឿង​នេះ​បាន​ថត​ចប់​ ហើយ​ក៏​បាន​កាត់​ត​ចប់​រួចរាល់​ដែរ​គឺ​នៅ​រង់​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​​។​ ក្រោយ​​ទទួល​បាន​ដំណឹង​បែកធ្លាយ​នេះ​ សារព័ត៌មាន​ត្រយង​ បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​ កញ្ញា​ ទូច​ បុប្ផា​ ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ភីអិនអិន​ ដើម្បី​ស្រាយ​ចម្ងល់​មហា​ជន​។​ ចំពោះ​រឿង​នេះ​ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​រូប​នេះ​ទទួល​ស្គាល់​ថា​​​រឿង​​ភាគ​ថ្មី​របស់​ទូរទស្សន៍​ភីអិនអិន​មួយ​នេះ​ នឹង​ត្រៀម​ចាក់​បញ្ចាំង​ពិត​ប្រាកដ​មែន​។​ កញ្ញា​ ទូច បុប្ផា​ ក៏​បាន​លើក​ឡើង​ដែរ​ថា​ «រឿង​នេះ​នឹង​កាន់​តែ​ល្អ​ជាង​ រឿង​រសជាតិ​អ្នក​មាន ព្រោះ​ក្រុម​ការងារ​​បាន​ព្យាយាម​សម្រិត​សម្រាំង​នូវ​គុណ​ភាព​រូប តួអង្គ​ សាច់រឿង​ ឱ្យកាន់​តែ​មាន​ស្ដង់ដារ​ខ្ពស់​ តម្រូវ​ឱ្យ​ទាន់សម័យកាល​ឌីជីថល​ ក្នុង​គោលដៅ​​ផ្សព្វផ្សាយ​និង​អភិវឌ្ឍ​ភាពយន្ត​ខ្មែរ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​​»។​

កញ្ញា ទូច បុប្ផា (ធីតា) ប្រធានគ្រប់គ្រងកម្មវិធីផ្សាយទូរទស្សន៍ PNN និងតារាសម្ដែង «ស្នាមស្នេហ៍សមុទ្ររាម»

រឿង​ ​«​ស្នាម​ស្នេហ៍​សមុទ្រ​រាម​ ​» វណ្ណកម្ម​ដ៏​ល្អ​ ដែល​​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន​ ​លើក​យក​មក​ផលិត​ជា​ថ្មី​ម្តង​ទៀត​នេះ​ គឺ​មាន​សាច់​​រឿង​រហូត​ដល់​ទៅ​២​ ​វគ្គ​ ​ដែល​វគ្គ​ទី​មួយ (សាច់រឿង​ដូច​ទៅ​នឹង​កាល​ពី​ជាង​១០​ឆ្នាំ​មុន​)​​ ​និង​វគ្គ​ទីពីរ (​សាច់​រឿង​ជំនាន់​កូន​ៗ​)​​ ​មាន​ចំណង​​ និង​ ​ចំណោទ​បញ្ហា​​ចាក់ស្រេះ​ប្រទាក់​ក្រឡា​គ្នា​ ​តាំង​ពី​ជំនាន់​ឪពុក​ម្តាយ​ ​រហូត​ដល់​ជំនាន់​កូនៗ​។ សម្រាប់​រឿង​ «ស្នាមស្នេហ៍​សមុទ្ររាម​វគ្គ​១» ​តួឯកប្រុស​គឺ​លោក ពៅ ពិសិដ្ឋ និង​កញ្ញា​ អឿន រ៉ូហ្សា​ ចំណែក​រឿង​ «ស្នាម​ស្នេហ៍​សមុទ្ររាម​​វគ្គ​២​» ​ដែល​ជា​វគ្គ​របស់​កូន​ៗ​នោះ​ តួឯក​ប្រុស​គឺ​ លោក ខាត់ វ៉ៃហាំង ​និង​ តួឯក​ស្រី​គឺ​កញ្ញា​ សំណាង​ អេលីណា​៕

សកម្មភាពខ្លះៗដក​ស្រង់ពី​ក្នុង​ឈុតឆាករឿង «ស្នាមស្នេហ៍សមុទ្ររាម »
តួឯកប្រុសស្រី «ស្នាមស្នេហ៍​សមុទ្ររាម»
Share.