ដូចមហាជនអ្នកគាំទ្របានជ្រាបមកហើយថា តារាកំប្លែង នីឡា បានរៀបមង្គលការជាមួយស្វាមីនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ដែលមានតារាសិល្បៈប្រុសស្រី និងអ្នកមុខអ្នកការជាច្រើននាក់បានចូលរួមជាភ្ញៀវកិត្តិយសអបអរអ្នកទាំងពីរ។ យ៉ាងណាមិញ នីឡា បានអះអាងប្រាប់អ្នកសារព័ត៌មានថា ពិធីមង្គលការរបស់នាងបានលើកពេលអស់ ៥ដងមកហើយ បើគិតទៅគឺពន្យារពេលជិត៣ឆ្នាំ។

តារាកំប្លែង នីឡា បានរម្លឹកថា អ្នកនាង និងស្វាមី បានស្គាល់គ្នាដោយចៃដន្យ ហើយបានចំណាយពេលវេលាយល់ចិត្តគ្នាអស់រយៈពេល៥ឆ្នាំមកហើយ។ អ្នកនាង នីឡា ថា ការដែលព្រមទទួលយកលោក ស៊ុត សក្ការៈ ជាស្វាមី នោះក៏ព្រោះតែអ្នកនាង និងស្វាមីបានស្គាល់ចិត្តថ្លើមគ្នាអស់ហើយ ព្រមទទួលយកទាំងចំណុចល្អ និងចំណុចអាក្រក់គ្នាទៅវិញទៅមក។ អ្នកនាងថា នៅពេលរៀបការហើយក៏ដោយ ក៏នាងមិនចង់បែកចេញពីគ្រួសារទៅរស់នៅតែ២នាក់ប្ដីប្រពន្ធនោះទេ បើទោះ​ជា​គម្រោង​ទិញ​ផ្ទះ និងត្រៀមបង្កើតមុខរបរក្រៅសិល្បៈបានគិតគូអស់ហើយក្ដី។

នីឡា បានបញ្ជាក់ប្រាប់ទៀតថា អ្នកនាងមានគ្រោងគិត​គូរឿង​យកកូនភ្លាមៗ ក្រោយរៀបមង្គលការហើយ ព្រោះអ្នកនាងគិតថា ការយកកូនទាន់​នៅវ័យ​ក្មេងគឺល្អ កុំឱ្យចាស់ទៅទើបចង់​យក​កូន​ហួសពេលដែលនាំឱ្យស្ដាយក្រោយ។ ដោយឡែក នីឡា បន្តទៀតថា អ្នកនាងនៅតែបន្តអាជីពសិល្បៈដដែល ហើយស្វាមីអ្នកនាងក៏គាំទ្រចំពោះរឿងនេះផងដែរ។ ហេតុនេះហើយ​នាងនៅ​តែបន្ដលេង​កំប្លែង​ជាធម្មតាដូចមុនដដែល ខណៈដែលគម្រោងក្រេបទឹកឃ្មុំ ​នៅ​ទីណានោះមិនទាន់គិតដល់ឡើយ ដោយសារតែរៀបការរួច សម្រាកតែ២ថ្ងៃប៉ុណ្ណោះ នឹង​ចេញថត​កំប្លែងវិញ​ហើយ​​៕

សូមចូលអាន-ដល់​ថ្ងៃ​ការ​ទើប​ដឹង​ថា​ អតីត​តារា​សម្ដែង​ ព្រីង​ ច័ន្ទ​បុត្រ គឺ​ជា​ឳពុក​ក្មេក​របស់ ​នីឡា​

Telegram-Troryorng
Share.