សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី ដែល​ជា​ប្រជាជាតិ​អាស៊ាន​ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​សមាជិក​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ខ្លួន​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ ថ្មីៗនេះ ស្រប​ពេល​ដែរ​មាន​កីឡាករ​បងប្អូន​បង្កើត​៣នាក់ ត្រូវ​បាន​កោះហៅ​ចូលក្រុម​ក្នុង​ពេល​ដំណាល​គ្នា។

​កីឡាករ Irfan Fandi, Ikhsan Fandi និង​Ilhan Fand

ក្រោម​ការ​ដឹកនាំ​របស់​លោក Tatsuma Yoshida គ្រូ​បង្វឹក​ជនជាតិ​ជប៉ុន បាន​កោះហៅ​កីឡាករ​ទាំង​​៣រូប​នេះ​​​មាន​Irfan Fandi, Ikhsan Fandi និង​Ilhan Fand។ អ្នក​ទាំង​៣ ជា​កូន​ប្រុស​បង្កើត​របស់​លោក Fandi Ahmad អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ចន្លោះ​ឆ្នាំ​១៩៧៩​ដល់​១៩៩៧។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ស្ពាយ​ជោគជ័យ​ពី​ក្លិប​សេដ្ឋី​ម៉ាឡេស៊ី ទៅ​ស្រុក​កំណើត​វិញ

ចំពោះ​Irfan Fandi កើត​នៅ​ឆ្នាំ​១៩៩៧ ធ្លាប់​លេង​ឱ្យ​ក្រុម​ Universidad Católica នៅ​លីគ​កំពូល​ប្រទេស​ឈីលី ក្នុង​ជើង​ទី១​ឆ្នាំ​២០១៥ ហើយ​ជើង​ទី២​បាន​ប្តូរ​ទៅ​ចូលរួម​ក្រុម​ Young Lions នៅ​ស្រុក​កំណើត​វិញ។ ខ្សែ​បម្រើ​កណ្ដាល​រូប​នេះ​ បាន​ចេញ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ Home United នៅ​ឆ្នាំ​២០១៦-១៧ និង​ឆ្នាំ​២០១៨ ត្រឡប់​ទៅ​ក្រៅ​ Young Lions វិញ។ ចាប់​ពី​ឆ្នាំ​២០១៩ រូប​គេ​បាន​ចូលរួម​ក្នុង​បញ្ជី​កូតា​កីឡាករ​អាស៊ាន​​​នៅ​លីគ​ប្រទេស​ថៃ ជាមួយ​ក្រុម BG Pathum United ហើយ​គេ​ជា​កីឡាករ​ដំបូង​របស់​សិង្ហបុរី ដែល​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​ថៃ​ដែរ។

ចំណែក​ Ikhsan Fandi វិញ​​​កើត​នៅ​ឆ្នាំ​១៩៩៩ ជា​ខ្សែ​ប្រយុទ្ធ កំពុង​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់Jerv សមាជិក​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២​ប្រទេស​ន័រវែស។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​កម្ពស់ ១.៨៣ម៉ែត្រ បាន​ចុះកិច្ចសន្យា​កីឡាករ​អាជីព​ដំបូង​ជាមួយ​ក្រុម Home United នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧-១៨ បាន​ចូលរួម​ក្រុម Young Lions និង​នៅ​ឆ្នាំ​២០១៩-២០ ចូលរួម​ក្នុង​ក្រុម Raufoss សមាជិក​ពានរង្វាន់​លីគ​ទី២​ប្រទេស​ន័រវែស។

អត្ថបទពាក់ព័ន្ធ៖បុរស​សិង្ហបុរី លាកៅអី​CEO ​លីគ​​បាល់ទាត់​​​ថៃ ត្រឡប់​ទៅ​​ជួយ​ស្រុក​កំណើត​​ក្នុង​ផែនការ World Cup 2034

ចុងក្រោយ​គឺ​កីឡាករ​Ilhan Fand កើត​នៅ​ឆ្នាំ​២០០២ ជា​ខ្សែ​បម្រើ និង​ប្រយុទ្ធ នៅ​ក្នុង​ក្រុម Young Lions ក្នុង​លីគ​សិង្ហបុរី។ រូប​គេ​ពាក់​អាវ​លេខ​១៧ក្នុង​ក្រុម​នេះ គិត​ចាប់​ពី​ចុះ​កិច្ចសន្យា​កីឡាករ​អាជីព​ពី​ឆ្នាំ​២០១៩ មក។ កីឡាករ​រូប​នេះ​ធ្លាប់​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ i2i Football Academy ក្នុង​ប្រទេស​អង់គ្លេស ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្លិប Leeds United អំឡុង​ពេល​សិក្សា​នៅ ​Queen Ethelburga’s College ក្នុង​ទីក្រុង York។

កីឡាករ Irfan Fandi ​ធ្លាប់​បាន​កោះហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០១៦ មក​ខណៈ​ឆ្នាំ​២០១៥ រូប​គេ​ចូលរួម​ក្នុង​ក្រុម​ឈុត​យុវជន​ប្រកួត​នៅ​ស៊ីហ្គេម។ ចំពោះ​Ikhsan Fandi ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​យុវជន​និង​ឈុត​ធំ​ជម្រើស​ជាតិ​ចាប់​ពី​ឆ្នាំ​២០១៧ មក​ទល់​បច្ចុប្បន្ន​ផង​ដែរ។ ដោយ​ឡែក​កីឡាករ Ilhan Fand មុន​ជាប់​ឈ្មោះ​លើក​ដំបូង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ខ្លួន រូប​គេ​ធ្លាប់​ចូលរួម​ក្រុម​ឈុត​យុវជន​តាំង​ពី U-16 ក្នុង​ឆ្នាំ​២០១៧ មក​ម៉្លេះ។

សម្រាប់ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី វិញ​ត្រូវប្រកួត​ក្នុង​វគ្គ​ជម្រុះពូល D នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup Qatar ប្រចាំ​ទ្វីប​អាស៊ី ជុំទី២ ជាមួយក្រុម​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន យេមែន និង​ប៉ាឡេស្ទីន ហើយ​ពូល​នេះ​ធ្វើ​ឡើង​នៅ​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្ត​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​សិង្ហបុរី ៥ឆ្នាំ​ទៀត​ដោយ​​រលូន

Share.