ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេច ស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៏ ២០កុម្ភៈ ២០២១។

យោងតាមសេចក្តីសម្រេចដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការផ្តល់ជូននេះនឹងត្រូវចាប់ផ្តើមពីដើមខែមិថុនា ឆ្នាំ២០២១នេះ។

សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្ត ចំពោះប្រជាពលរដ្ឋខ្មែរ ដូចខាងក្រោម៖

-គ្រួសារមានការលំបាកផ្នែកជីវភាព និងកម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ក្នុងភូមិសាស្ត្រ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និង ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។

-គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, កម្មករ និយោជិតបម្រើការងារនៅតាមរោងចក្រ-សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបដែលឆ្លងជំងឺកូវីដ-១៩ និងនៅក្រៅតំបន់អនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវី៥-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តទូទាំងប្រទេស៕

Share.