ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានឲ្យដឹងថា ក.យ.គ សម្រេចបាននូវលទ្ធផលធំៗចំនួន ០៤ ក្នុងអំឡុងឆ្នាំ ២០២១កន្លងទៅ ដោយឈរលើការទទួលខុសត្រូវខ្ពស់ ដោយមិនយកវិបត្តិជំងឺកូវីដ១៩ ធ្វើជាឧបសគ្គនោះទេ។ 

នៅឯពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា បើទោះកម្ពុជាជួបវិបត្តិធ្ងន់ធ្ងរ ដោយសារតែជំងឺឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តមសិក្សា បានរិះរកគ្រប់មធ្យោបាយក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ ដូចជា ការប្រជុំ និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ការបង្កើត ឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំគ្រប់គ្រង, ការប្រមូលផ្តុំនូវធនធានមនុស្ស ដែលមានគុណវុឦ សមត្ថភាព និងបទពិសោធល្អៗ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ក្រុមប្រឹក្សាបានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ ជាក់លាក់ អាចអនុវត្តបាន ស្របទៅតាមធនធានដែលមាន សម្រាប់ជាត្រីវិស័យតម្រង់ទិសការងាររបស់ខ្លួន។ ផ្អែកតាមផែនការនេះ ក្រុមប្រឹក្សាបានសម្រេចនូវលទ្ធផលការងារ ៤ចំណុចធំៗ ដូចខាងក្រោមនេះ៖ 

ទី១- ក្រុមប្រឹក្សាបានបង្កើតនូវកិច្ចសហការល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ព្រមទាំងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជា និងសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

 ទី២- ក្រុមប្រឹក្សាបានសហការល្អនិងទទួលបានការគាំទ្រយ៉ាងសកម្ម ពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក រដ្ឋនិងឯកជន ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យទាំងអស់ផងដែរ ក្នុងភារកិច្ចស្នូលនិងការធ្វើសកម្មភាពនានា ទាក់ទងទៅនឹងយុវជនជានិស្សិត និងគ្រឹះស្ថានសិក្សានីមួយៗ។ 

ទី៣- តាមសំណើរបស់ក្រុមប្រឹក្សា ស.ស.យ.ក.បានសម្រេចនិងប្រកាសទទួលស្គាល់ជាផ្លូវការនូវ សមាសភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំ គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ចំនួន១១៤ ស្មើនឹង៩៦%នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ទូទាំងប្រទេស ដែលមានធនធានមនុស្សជាកម្លាំងប្រតិបត្តិករសរុបជាង២ពាន់នាក់ ដោយបានអនុវត្តលើសផែនការកំណត់នៅឆ្នាំ២០២១ ដែលគ្រោងបង្កើតក្រុមការងារយុវជននៅតាម គ្រឹះស្ថានឧត្តមសិក្សា តែ៥០ប៉ុណ្ណោះ។

ទី៤- ផ្អែកតាមការណែនាំតម្រង់ទិសរបស់ក្រុមប្រឹក្សា ក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថាន ឧត្តមសិក្សានីមួយៗ ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបដល់ យុវជនជានិស្សិតនិងគរុសិស្សឱ្យបានយល់ដឹងអំពីគោលបំណង របសកកម្ម និងអត្ថប្រយោជន៍ ក្នុងការចូលរួមធ្វើសកម្មភាព និងចូលជាសមាជិករបស់ ស.ស.យ.ក.។

នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ គឺអង្គសន្និបាតក៏បានលើកឡើងនូវប្រធានបទចំនួន ០៤ ដើម្បីឲ្យសមាជិកដែលបានចូលរួម ធ្វើការពិភាក្សាគ្នា ដោយប្រធានទាំង០៤នោះរួមមាន៖ 

  1. ការលើកកម្ពស់ប្រសិទ្ធិភាពការងាររបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
  2. ការចូលរួមរបស់យុវជន នៅក្នុងការងារនយោបាយការងារដឹកនាំ និងការអភិវឌ្ឍន៍ប្រទេសជាតិ 
  3. ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថលឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ 
  4. ការជំរុញ និងលើកទឹកចិត្តយុវជនឲ្យចូលរួមគ្រប់សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ 

សូមបញ្ជាក់ថា ផ្អែកតាមការវាយតម្លៃ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ ២០២១ ដែលមានចង្កោមសកម្មភាពចំនួន ០៨ និងសកម្មភាព ៤៦ គឺក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា សម្រេចបានលទ្ធផលរួម ៧៥,៦% ធៀបទៅនឹងសកម្មភាពដែលបានកំណត់នៅក្នុងផែនការ៕ 

Share.