បទ​ចម្រៀង​ «លក់​គោយន្ត​​» ដែល​ជា​សំនៀង​ដើម​របស់​លោក​ Noly Record ត្រូវ​បាន​យក​មក​ច្រៀង​ឡើង​វិញ (Cover) ដោយ​យុវតី​មួយ​រូប​មាន​ឈ្មោះ​ថា​ Bee Emm ហើយ​ទទួល​បាន​នូវ​ភាព​ល្បីល្បាញ​ខ្លាំង​ទាំង​លើ​ Facebook​ ​YouTube​ ​និង​ Tiktok​ ​រហូត​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ដឹង​ថា​ ស្រី​តូច​ច្រឡឹង​ដ៏​សោភា​រូប​នេះ​ជា​អ្នក​ណា​ ហើយ​មាន​ប្រភព​មក​ពីណា​?​

ប្អូនស្រី​ Bee Emm

​អាស្រ័យ​ដោយ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​អន្ទះសា​ចង់​ដឹង​ពី​ប្រវត្តិ​របស់​ក្មេង​ស្រី​រូប​នេះ​ ក្រុម​ការងារ​​សារព័ត៌មាន​ត្រយង​បាន​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​កាន់​ប្អូន​ស្រី​តាម​ប្រព័ន្ធ​តេឡេ​ក្រាម​ដើម្បី​​សាកសួរ​រាល់​ចម្ងល់​របស់​អ្នក​គាំទ្រ​។​

​សម្រាប់​ឈ្មោះ​ Bee Emm គឺ​ជា​ឈ្មោះ​ដែល​ប្អូន​ស្រី​​ប្រើ​នៅ​ក្នុង​សិល្បៈ​ចំណែក​​ឈ្មោះ​​ពិត​របស់​ប្អូនស្រី​គឺ​​ បុន ចានន្ថ​។ ​Bee Emm ​មាន​ស្រុក​កំណើត​នៅ​ក្នុង​​ ​ស្រុក​ដង​ទង​ ខេត្ត​កំពត​ កំពុង​សិក្សា​​​ថ្នាក់​ទី​១២​​ នៃ​ វិទ្យាល័យ​ ប៊ុនរ៉ានី​ហ៊ុនសែន​ដង​ទង់​ មាន​ឪពុក​ឈ្មោះ​ ឆុន​ វ៉ាន់ធា​ និង​ម្ដាយ​ឈ្មោះ​ អ៊ិច ប៊ា​ មាន​បងប្អូន​បង្កើត​ចំនួន​ ៣​នាក់​ ប្អូន​ស្រី​គឺ​ជា​កូន​ស្រី​ច្បង​នៅ​ក្នុង​គ្រួសារ​។ ក្រៅ​ពី​ធ្វើ​ជា​អ្នក​ចម្រៀង​ ក្មេង​ស្រី​រូប​នេះ​ក៏​​មាន​ក្ដី​ប្រាថ្នា​ចង់​រៀន​ជំនាញ​ បកប្រែ​ភាសា​មួយ​រូប​។

ងាក​មក​និយាយ​ពី​ការងារ​សិល្បៈ​ Bee Emm យុវតី​ជា​សិស្ស​វិទ្យាល័យ​រូប​នេះ​និយាយ​ថា​ក្រុម​គ្រួសារ​របស់​ប្អូន​ស្រី​មិន​មាន​ជា​ការ​ជំទាស់​អ្វី​នោះ​ទេ​ មាន​តែ​លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង​ ព្រោះ​ប្អូន​ស្រី​មិន​បាន​បោះបង់​ចោល​ការ​សិក្សា​នោះ​ទេ​ គឺ​យក​ពេល​វេលា​​ទំនេរ​ពី​ការ​សិក្សា​មក​ថត​ជា​ចម្រៀង​និង​ថត​ជា​ MV ​ចម្រៀង​ប៉ុណ្ណោះ​។

គួរ​ដឹង​ដែរ​ថា​បទ​ចម្រៀង​ cover «លក់​គោយន្ត​» ដែល​ច្រៀង​ឡើង​វិញ​ដោយ​ប្អូន​ស្រី​ Bee Emm បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ​រហូត​មក​ដល់​ថ្ងៃ​ទី​១៩​ ខែ​ ឧសភា ឆ្នាំ​២០២១​ ​នេះ​ ​មាន​រយៈ​ពេល​មួយ​ខែ​ពេញ​មាន​ចំនួន​ View​ ​លើ​ ​YouTube Channel​ PRC RICH រហូត​ដល់​ទៅ​ 5,670,317 ​ដង​ (គិត​ត្រឹម​ម៉ោង១​២​​ថ្ងៃ​ត្រង់​​​) ខណៈ​បទ​ចម្រៀង​​ Cover ថ្មី​មាន​ចំណង​ជើង​ថា​ «ម៉ែ​» ​សំនៀង​ដើម​របស់​ កញ្ញា​ ចំរើន​ សុភ័​ក្ត្រ​ ​​ដែល​​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​​ ចំនួន​ Views ចំនួន​ 57,309 ដង​រួច​ជា​ស្រេច​ (គិត​ត្រឹម​១២​​ថ្ងៃ​ត្រង់​​) ៕

សូម​ស្ដាប់​ការ​ឆ្លើយ​តប​សំនួរ សំឡេង​ដើម​ពី​ប្អូន​ស្រី​ Bee Emm ខាង​ក្រោម​នេះ​៖

Share.