ការសម្អាត ថែទាំប្រាសាទគឺជារឿងសំខាន់ធ្វើឲ្យរមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។

ផ្អែកតាមផេកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារសម្អាតប្រាសាទរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្លៃបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរប្រសិនបើគ្មានការថែទាំ និងសម្អាតអនាម័យជាទៀងទាត់ពីសំណាក់ក្រុមការងារសម្អាតប្រាសាទ ម្ល៉េះតំបន់រមណីយដ្ឋានអង្គរ នឹងមិនស្រស់ស្អាតដូចដែលសាធារណជនបានឃើញនោះទេ។

ប្រភពដដែលបានសរសេរទៀតថា ជារៀងរាល់ថ្ងៃ ពួកគេបានបែងចែកជាក្រុមៗ ខ្លះបោសស្លឹកឈើ បោសដី ស្រោចស្មៅ កាត់រុក្ខជាតិ ទាំងតូចទាំងធំ ក្នុងនិងក្រៅប្រាសាទ មួយទៀតនោះគឺបារស្លែ និងរុក្ខជាតិក្នុងទឹក។ល។

សកម្មភាពទាំងនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្អាត ក្រៅពីកិច្ចការអភិរក្សដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងធ្វើជាប្រចាំហើយនោះ។

អាជ្ញាធរជាតិអប្សរា បាននិយាយថា កិច្ចការទាំងអស់នេះមិនអាចខ្វះការចូលរួមពីសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានទេ។ «យើងទាំងអស់គ្នា ត្រូវមានស្មារតីតែមួយក្នុងការធ្វើឱ្យបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ ពិសេសស័ក្ដិសមជាមួយគុណតម្លៃមិនអាចកាត់ថ្លៃបាន នៃរមណីយដ្ឋានរបស់មនុស្សជាតិ»៕

Share.