មួយកំផ្លៀងរបស់ Will Smith ទៅលើ ​Chris Rock​ បានក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គមអនឡាញន៍។ អាកប្បកិរិយាប្រើហិង្សារបស់ Smith ដើម្បីបញ្ឈប់ការនិយាយកំប្លែងអង្អាប់មកលើប្រពន្ធខ្លួន នៅថ្ងៃប្រគល់ពានរង្វាន់អូស្ការ បានធ្វើឱ្យមហាជនថ្កល់ទោសលោកយ៉ាងខ្លាំង។

ទោះជាយ៉ាងណា មតិភាគច្រើននៃអ្នកលេងបណ្ដាញសង្គមយល់ឃើញថា Chris Rock​ មិនមានចេតនាលើការនិយាយកំប្លែងឥតព្រាងទុករបស់លោក នោះគ្រាន់តែជាសិល្បៈនៃការសម្ដែងនៅលើវេទិកាឱ្យមហាជនសើចកម្សាន្ដតែប៉ុណ្ណោះ។ ប៉ុន្ដែ Will Smith ក៏មានសិទ្ធការពារមនុស្សជាទីស្រឡាញ់របស់ខ្លួនដូចគ្នា។

បន្ទាប់ពីបានប៉ះគ្នាមួយប៉្រាវនៅលើវេទិការអូស្ការ Will Smith ក៏បានដឹងពីកំហុសខ្លួន និងសោកស្ដាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយាហិង្សារបស់លោកទៅលើ Chris ហើយបានចេញសារសុំទោសជាសាធារណៈនៅលើហ្វេសប៊ុកថា៖ «រាល់ទម្រង់នៃអំពើហិង្សា គឺសុទ្ធតែពិសពុល និងការបំផ្លិចបំផ្លាញ។ អាកប្បកិរិយារបស់ខ្ញុំក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards កាលពីយប់មិញគឺមិនអាចទទួលយកបានទេ និងមិនអាចលើកលែងទោសបាននោះដែរ។ សិល្បៈនិយាយថ្លុកកំប្លែង សម្រាប់ខ្ញុំក៏ជាផ្នែកមួយនៃការងារមួយដែរ ប៉ុន្តែសិល្បៈថ្លុកកំប្លែងនិយាយពីស្ថានភាពសុខភាពរបស់ Jada គឺពិតជាហួសហេតុណាស់សម្រាប់ខ្ញុំ ដែលមិនអាចទ្រាំបានឡើយ ហើយខ្ញុំក៏មានប្រតិកម្ម ប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំង​ដែរ។ ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ។ ខ្ញុំរាងលើសមែន ​ខ្ញុំ​ខុសហើយ។ ខ្ញុំមានការខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំ មិនបានបង្ហាញពីចរិតដែលខ្ញុំចង់ធ្វើនោះទេ។ មិនមានត្រង់ណា បញ្ជាក់ពីហិង្សាក្នុងពិភពនៃសេចក្តីស្រឡាញ់ និងទឹកចិត្តមេត្តានោះទេ។ ខ្ញុំក៏សូមអធ្យាស្រ័យដល់ Academy អ្នកផលិតកម្មវិធី អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលអាកប្បកិរិយារបស់ខ្ញុំ បានប្រឡាក់ជាប់នូវអ្វីដែលជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំកំពុងបន្តឆ្ពោះទៅមុខហើយ។ ដោយក្តីគោរព, Will​»។

គួររម្លឹកឱ្យដឹងដែរថា Chris Rock ត្រូវបានស្គាល់ថាជាតារាកំប្លែង អ្នកដឹកនាំរឿង ផលិតករ តារាចម្រៀង និងជាអ្នកនិពន្ធរឿងដ៏មានឈ្មោះល្បីម្នាក់ក្នុងឧស្សហកម្មសិល្បៈរបស់ហូលីវូដ ដែលមានបទពិសោធន៍ជាង ៤០ឆ្នាំមកហើយ។ ហើយ Chris Rock គាត់​ជា​សិល្បៈជើងចាស់​ក្នុង​ឧស្សាហកម្ម​ហូលីវូដទាំង​មុខ និង​ក្រោយ​ឆាក។ ការងាររបស់លោកបាននាំមកនូវស្នាមញញឹម និងសំណើចដល់មនុស្សជាច្រើន។ ហើយ​ករណីនៅលើវេទិកាអូស្ការលើកទី ៩៤ ​លើក​នេះ ពិតជាបានធ្លាក់ដំបៅឱ្យលោកចាំមិនភ្លេចឡើយ ហើយមហាជនក៏ស្លុតចិត្តខ្លាំងមិនស្ទើរដែរ៕

សូមទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.