លោក សាប៊ូន វិនតា (ស្ដាំ) កីឡាករ​ សារ័ត្ន (កណ្ដាល)

លោក សាប៊ូន វិនតា នាយក​បច្ចេកទេស​របស់​ក្លិប​អាយ.អេស.អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) សមាជិក​ពានរង្វាន់​លីគ​លំដាប់​ទី២ Cambodian League 2 រំពឹង​​ដំណើរ​ទៅ​ដល់​របស់​កីឡាករ​ចំណូល​ថ្មី លី សារ័ត្ន នឹង​ជួយ​ក្រុម​បាន​ច្រើន​នៅ​ក្នុង​តំបន់​ប្រយុទ្ធ ​ក្នុង​បេសកកម្ម​​ឆ្នាំ​២០២១​នេះ។

បុរស​កាន់​អាជ្ញាប័ណ្ឌ​គ្រូ​បង្វឹក​កម្រិត AFC A License រូប​នេះ​បាន​ប្រាប់​មក​កាន់​ក្រុម​ការងារ «ត្រយង» ថា៖«ដោយសារ​យើង​ចង់​ពង្រឹង​នៅ​តំបន់​ខាង​លើ (ប្រយុទ្ធ) ហើយ​គាត់​ជា​កីឡាករ​ប្រយុទ្ធ​ទោល ​មាន​សមត្ថភាព​បញ្ចប់​ទី​បាន​ល្អ យើង​បាន​ពិនិត្យ​​ពេល​ហ្វឹកហាត់​សម​ជាមួយ​គាត់​មុន​ចុះ​កុងត្រា ឃើញ​ថា​គាត់​អាច​បំពេញ​ចន្លោះ​បាន​តែ​ម្តង។ យើង​រំពឹង​ថា​គាត់​នឹង​ជា​ផ្នែក​មួយ​ជួយ​ក្រុម​ក្នុង​ការ​រក​គ្រាប់​បាល់​ នៅ​ពេល​ប្រកួត​ពានរង្វាន់​លីគ​២ ខាង​មុខ​នេះ»។

ប្រភព​បន្ត​ថា​ក្លិប​មិន​ទាន់​បាន​ទទួល​បាន​ដំណឹង​ច្បាស់ការ​ណាមួយ​នោះ​ទេ ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) អំពី​ដំណើរ​ការ​​នៃ​ការ​ប្រកួត​ពាន​លីគ​ទី២។ ប៉ុន្តែ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ មួយ​នេះ​ត្រូវការ​ត្រៀម​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​ប្រជែង​យក​ជើង​ឯក​និង​ទទួល​ឱកាស​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២២ ខាង​មុខ។​​

អត្ថបទពាក់ព័ន្ធ៖កូន​ប្រុស​លោក ប្រាក់ សុវណ្ណារ៉ា ទៅ​ចូលរួម​ក្រុម​លីគ​ទី២​ អាយ.អេស.អាយ ដង្កោសែនជ័យ

សូម​បញ្ជាក់​ថា​កីឡាករ លី សារ័ត្ន ចេញ​ពី​ក្រុម​ថ្នាល​យុវជន​​តារាអូឡាំពិក ហើយ​ក្រោម​មក​រូប​គេ​ផ្ទេរ​ទៅ​កាន់​ក្រុម​យុវជន​ថ្នាល​ U-16 ព្រះខ័នរាជ​ស្វាយរៀង ហើយ​ក្រោយ​មក​ត្រូវ​បាន​តំឡើង​ឱ្យ​លេង​នៅ​ក្នុង​ក្រុម​ឈុតធំ ក្នុង​ជំនាន់​លោក សំ វ៉ាន់ដេត ជា​គ្រូ​បង្វឹក។ ចេញ​ពី​ព្រះខ័នរាជស្វាយរៀង សារ័ត្ន បាន​ផ្លាស់​ទៅ​​កាន់​ខេត្ត​សៀមរាប ដោយ​ចូលរួម​ក្នុង​ក្រុម​សូលទីឡូអង្គរ សមាជិក​លីគ​កំពូល​កម្ពុជា ចំនួន​២រដូវកាល ​មុន​ធ្វើ​ដំណើរ​មក​ដល់​ក្រុម​ អាយ.អេស.អាយ ដង្កោរសែនជ័យ នេះ។

ក្លិប​អាយ.អេស.អាយ ដង្កោសែនជ័យ ប្រើប្រាស់ទីលាន KMH ហើយ​លទ្ធផល​កាល​ពី​ឆ្នាំ​មុន​ក្នុង​ពានរង្វាន់​លីគ​ទី២ ក្រុម​នេះ​បាន​ឡើង​ដល់​វគ្គ​៤ក្រុម​ចុងក្រោយ​ដែរ តែ​ធ្លាក់​ដោយ​ថ្វី​ជើង​ក្រុម​យុវជន​ភ្នំពេញក្រោន។ រូបមន្ត​ប្រកួត​កាល​នោះ បន្ទាប់​ពី​ប្រកួត​​សន្សំ​ពិន្ទុ​ហើយ ក្រុម​លេខ៤ ជួប​លេខ៣ អ្នក​ឈ្នះ​ឡើង​ទៅជួប​ក្រុម​លេខ២ និង​ក្រុម​ដែល​បន្ត​ជ័យជម្នះ​ឡើង​ទៅ​ដណ្តើម​ជើង​ឯក​ជាមួយ​ក្រុម​ឈរ​លេខ១។ ក្រុម អាយ.អេស.អាយ ដង្កោសែនជ័យ បាន​បរាជ័យ​ត្រឹម​វគ្គ​ក្រុម​លេខ៤ ជួប​ក្រុម​លេខ៣៕

Share.