អាមេរិក – ក្រោយ​ទទួលបាន​​កាដូ​មួយ​កំផ្លៀង​ពី​លោក Will Smith ដោយ​សារ​តែ​​យក​​​រឿង​ក្បាល​ត្រងោល​អត់សក់​របស់​លោក​ស្រី Jada Pinkett Smith មក​និយាយ​កំប្លែង​លេង​សើច​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់​អូស្ការ​ប្រចាំ​ឆ្នាំ​២០២២​ ទីបំផុត​លោក Chirs Rock បាន​ចេញមក​ទម្លាយ​អារម្មណ៍​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ហើយ​។

សូមចុច​អាន​៖ ក្រោយ​ទះ​កំផ្លៀង​ ​Chris Rock​ មួយ​ដៃ​នៅ​លើ​វេទិកា​ពាន​រង្វាន់​អូស្ការ​ Will​ Smith​ ដ្រាម៉ា​ស្រក់​ទឹក​ភ្នែក​យក​ចិត្ត​មហាជន​

ទង្វើ​ហិង្សា​របស់​លោក Smith ទៅលើ​លោក Rock បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​​​និង​មាន​ការ​ជជែក​វែក​ញែក​នៅ​លើ​សង្គម​អនឡាញ​ន៍។ មតិ​ខ្លះ​ហាក់​ផ្តល់​ទម្ងន់​ទៅ​លើ​លោក Chris Rock ដោយ​បាន​លើក​ឡើង​ថា​​​អ្នក​កំប្លែង​រូប​នេះ​មិនមាន​ចេតនា​បន្តុះបង្អាប់​នោះ​ទេ​ នោះ​គឺ​ជា​សិល្បៈ​សម្ដែង​ដើម្បី​ឱ្យ​មហាជន​ផ្ទុះ​សំណើច​ប៉ុណ្ណោះ​ ប៉ុន្តែ​​មាន​មតិ​ខ្លះ​ហាក់​កាន់​ជើង​លោក​ Will Smith ហើយ​លើក​ឡើង​ថា​​លោក​មាន​សិទ្ធិ​ការពារ​មនុស្ស​ដែល​​ខ្លួន​​ស្រលាញ់​ដូច​គ្នា​។

យ៉ាង​ណា​មិញ​លោក Smith បន្ទាប់​ពី​ជ្រុល​ដៃ​ទះ​លោក​ Rock នៅ​លើ​វេទិកា​ Oscars រួច​ លោក​ក៏​បាន​ចេញ​មក​សុំទោស ​និង​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​ ក៏​ដូច​ជា​អាកប្បកិរិយា​ហិង្សា​របស់​ខ្លួន​ ដោយ​លោក​បា​ន​ចេញ​មក​រៀបរាប់​ពី​បញ្ហា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ន៍​។

សូមចុច​អាន​៖ ងងឹតមុខឈឹង! Will Smith សោកស្ដាយកំហុស ប្រើអំពើហិង្សាធ្វើជាដំណោះស្រាយ

ដោយ​ឡែក​សម្រាប់​លោក​ Chris Rock ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​ បាន​សម្ងំ​ស្ងៀម​មិន​បង្ហាញ​ការ​យល់​ឃើញ​ណាមួយ​ឡើយ​ ក្រោយ​កើត​មាន​រឿង​នេះ​ភ្លាម​ៗ​។ ថ្វី​ត្បិត​តែ​លោក​មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ភ្លាម​ៗ​ចំពោះ​ករណី​នេះ​ ដោយ​ទុក​ឱ្យ​លោក​ Will Smith ចេញ​មក​សារសព្ទ​អស់​ចិត្ត​ហើយ​នោះ​ ទីបំផុត​លោក​​បាន​ដាច់​ចិត្ត​បើក​ទ្រូង​​និយាយ​ពី​បញ្ហា​នេះ​នៅ​លើ​ Social Media ​ថា​៖

«ក្នុង​នាម​ជា​តារា​កំប្លែង​មួយ​រូប​ វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ចែក​ឱ្យ​ដាច់​ណាស់​ថា​មួយ​ណា​និយាយ​ទៅ​ឆ្លង​ដែន​កំណ់ត​​ ឬ​មិន​ឆ្លង​ដែន​កំណត់​។ យប់​មិញ​នេះ​ខ្ញុំ​បាន​និយាយ​ឆ្លង​ដែន​ដែល​ខ្ញុំ​មិន​គួរនិយាយ​ ហើយ​ខ្ញុំ​ក៏​បាន​តបស្នង​ទៅ​វិញ​នូវ​តម្លៃ​ដ៏​ធំធេង​មួយ​ក្នុង​នាម​ជា​អ្នក​កំប្លែង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​។ ការ​កំប្លែង​លេង​មិន​គួរ​និយាយ​លេង​សើច​ ឬ​យក​សាច់​រឿង​ធំដុំ​ណាមួយ​ក្នុង​ជីវិត​របស់​គេ​មក​លលេង​នោះ​ទេ​។ កំប្លែង​គឺ​ការ​ប្រើប្រាស់​បទ​ពិសោធន៍​នៃ​ជីវិត​ពិត​ណាមួយ​មក​បង្កើត​ជា​រឿង​សើច​ ហើយ​នាំ​យក​ពន្លឺ​ទៅ​កាន់​ពិភព​ខ្មៅ​ងងឹត​ផ្សេង​មួយ​ទៀត​។ ចំពោះ​សម្ដី​របស់​ខ្ញុំ​ ខ្ញុំ​សូម​សុំ​ទោស​ចំពោះ​មិត្ត​សម្លាញ់​របស់​ខ្ញុំ​ Jada Pinkett Smith និង​ក្រុម​គ្រួសារ​ត្រកូល​ Smith ដោយ​ស្មោះ​អស់​ពី​បេះដូង​ ចំពោះ​ពាក្យ​ពេចន៍​មិន​គួរ​សម​ដែល​ខ្ញុំ​បាន​និយាយ​ក្នុង​កម្មវិធី​ផ្សាយ​បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​។ ខ្ញុំ​សង្ឃឹម​ថា​ ​ពេលវេលា​នឹង​ជួយ​ឱ្យ​ខ្ញុំ​ទទួល​បាន​ការ​អភ័យ​ទោស​ចំពោះ​ហេតុការណ៍​នេះ​ យើង​​គ្រប់​គ្នា​អាច​នឹង​ប្រព្រឹត្តិ​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ​ ហើយ​ជា​ទីបញ្ចប់​គឺ​​​ត្រូវ​គិត​ដល់​អ្នក​ផ្សេង​ឱ្យ​បាន​កាន់​តែ​ច្រើន​។ ពី​ខ្ញុំ​ Chris Rock។»

ប៉ុន្តែ​​ពាក្យ​សុំ​ទោស​ដែល​ត្រូវ​បាន​គេ​យក​មក​ផុស​ហើយ​អះអាង​ថា​ជា​របស់​លោក​ Chris Rock នោះ​ត្រូវ​បាន​ក្រុម​ការងារ​របស់​លោក​ Chris Rock ចេញ​មក​បដិសេធ​ថា​នោះ​មិនមែន​ជា​ការ​ពិត​នោះ​ឡើយ​​ ហើយ​ការ​លើក​ឡើង​ខាង​លើ​នោះ​គ្រាន់តែ​ជា​ពាក្យ​ចចាម​អារាម​ប៉ុណ្ណោះ​។ ចំណែក​ករណី​នេះប៉ូលិស​បាន​លើក​ឡើង​​ដែរ​ថា​លោក Chris Rock មិន​បាន​ប្ដឹង​​​​ទៅ​លើ​លោក Will Smith នោះ​ទេ​ លុះ​ត្រា​មាន​ភាគី​ណាមួយ​បាន​ចេញ​មក​ប្ដឹង​ចំពោះ​ករណី​នេះ​ទើប​ប៉ូលិស​​អាច​ធ្វើ​ការ​ស៊ើប​ការ​អង្កេត​និង​បញ្ចប់​​ករណី​​នេះ​​បាន​៕

ប្រភព៖ Nexus Music Entertainment Ltd, hiphopdx

Telegram-Troryorng
Share.