ភ្នំពេញ៖បុរសម្នាក់ចងក សម្លាប់ខ្លួននៅបន្ទប់ជួលជាន់ទី២បង្កឲ្យមានការភ្ញាក់កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំនុចផ្ទះជួលជាន់ទី២ ផ្ទះលេខ៤៧E0 ផ្លូវ២៣២ ក្រុមទី៨៩ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សពបុរសរងគ្រោះមានឈ្មោះថោងឌី អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសម្តីក្មួយប្រុសរបស់សពរងគ្រោះបានឲ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុរូបគេនិងពូបានដេកក្នុងផ្ទះជួលខាងលើដោយបុរសជាពូដេកខាងក្នុងចំណែកក្មួយប្រុសដេកនៅខាងក្រៅបន្ទប់។ លុះនៅព្រឹកថ្ងៃទី២៩នេះក្មួយប្រុសបានដើរទៅគោះទ្វារបន្ទប់ដើម្បីដាស់ឲ្យពូដឹកទៅរៀនពេលនោះក្មួយគោះទ្វារផងស្រែកហៅជាច្រើនដងគ្មានឮសម្លេងពូឆ្លើយតប។លុះបើកបង្ហួចមើលក៏ប្រទះឃើញពូរបស់ខ្លួនយកខ្សែអង្រឹងចង ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលនិងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ចុះទៅទីតាំងកើតហេតុដើម្បីយកខ្សែហ៊ុំព័ទ្ធនិងរាយការណ៍បន្តទៅកាន់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករានិងកម្លាំងជំនាញការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសព។

ក្រោយពេលពិនិត្យសពបុរសខាងលើរួចរាល់ហើយ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាសពបុរសនេះពិតជាបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

អត្ថបទ៖សេង សាវី

Share.