លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីថ្ងៃច័ន្ទ (ម៉ោងនៅអាមេរិក) ថា លោកនឹង «មិនសុំទោស» ហើយនឹង «មិនដើរថយក្រោយ» បន្ទាប់ពីបានបោះសំដីលើលោកពូទីនកាលពីចុងសប្ដាហ៍ទៅ ដោយលោកថា ប្រធានាធិបតីរុស្សី វ្លាឌីមៀ ពូទីន មិនគួរបន្ដកាន់អំណាចឡើយ។

លោក បៃដិន ក៏ទទូចថា លោកមិនអំពាវនាវឲ្យមានការផ្លាស់ប្ដូររបបនៅទីក្រុងមូស្គូ ដែលនឹងតំណាងឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នា​ដោយផ្ទាល់ ជាមួយប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយផ្សេងទៀត។ លោក បៃដិន និយាយថា «ខ្ញុំបានបញ្ចេញកំហឹងចំពោះសង្រ្គាមរបស់លោកពូទីន លើប្រទេសអ៊ុយក្រែន» តែខ្ញុំមិនបានបញ្ជាក់អំពីការផ្លាស់ប្ដូរគោលនយោបាយទេ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «ខ្ញុំមិនសុំទោសទេ អ្វីដែលធ្វើឲ្យស្ថានការណ៍ស្មុគស្មាញនៅពេលនេះ គឺមកពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងរបស់លោក ពូទីន»។ លោកបានច្រានចោលគំនិតដែលថា ការអត្ថាធិប្បាយរបស់លោកអាចបង្កើនភាពតានតឹងជុំវិញសង្រ្គាមនៅអ៊ុយក្រែន ឬ ថាវានឹងជំរុញឲ្យមានការឃោសនាអំពីការឈ្លានពានរបស់រុស្សីលើលោកខាងលិច។

ការលើកឡើងរបស់ប្រធានាធិបតីអាមេរិកចំពោះលោក ពូទីន បានបញ្ចប់នៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង វ៉ាសូវី (Warsaw) បានធ្វើឲ្យកក្រើកជុំវិញពិភពលោក បើទោះបីជាសេតវិមានប្រញាប់ចេញមកបញ្ចាក់ឲ្យច្បាស់ថា លោក បៃដិន គ្រាន់តែមានន័យថា លោក ពូទីន «មិនត្រូវបានអនុញ្ញាតឲ្យប្រើអំណាចលើប្រទេសជិតខាង ឬ តំបន់របស់លោកបានឡើយ»។

កាលពីថ្ងៃច័ន្ទ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឆ្លើយតបទៅនឹងសុន្ទរកថារបស់លោក បៃដិន វិញ ដោយនិយាយថា «យើងត្រូវការ ការបន្ធូរបន្ថយការកើនឡើងខាងយោធា និង ត្រូវការ ការបន្ទន់នូវវោហាសាស្រ្ត»។ ទោះបីជាលោក បៃដិន ជារឿយៗបានបង្ហាញពីការចូលរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ចាប់តាំងពីមានការឈ្លានពានលើអ៊ុយក្រែនក៏ដោយ ប៉ុន្ដែបៃដិន ហាក់បីដូចជា បានបង្កភាពមិនស្រួលខ្លះ ដោយបានព្យាយាមកំណត់គោលដៅលើលោក ពូទីន អំឡុងពេលទៅទស្សនៈកិច្ច និង ចូលប្រជុំនៅទីក្រុងវ៉ាសូវី (Warsaw) ក្នុងប្រទេសប៉ូឡូញ។

ក្រៅពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប្រធានាធិបតីបារាំង Emmanuel Macron ក៏បានអំពាវនាវឲ្យលោកបៃដិន ប្រយ័ត្នចំពោះការប្រើពាក្យសំដី និង សកម្មភាព ដើម្បីឈានទៅរកការបញ្ចប់សង្រ្គាមដោយមធ្យោបាយការទូត។

ចុចអាន៖ លោក Macron អំពាវនាវលោក Biden ប្រយ័ត្នសំដី នឹងសកម្មភាព…

សូមជម្រាបថា ការបោះពាក្យសំដីធ្ងន់ៗរបស់លោកបៃដិន លើប្រធានាធិបតីរុស្សី បានបង្កឲ្យមនុស្សមួយចំនួនរិះគន់យ៉ាងខ្លាំងដោយថា វាអាចត្រូវបានលោក ពូទីន ប្រើជាលេស សម្រាប់ការបង្កើនភាពតានតឹងបន្ថែមទៀត។ សង្រ្គាមនេះបានជួបប្រទះជាមួយនឹងកំហឹងជាអន្តរជាតិ ដោយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និង ប្រទេសដទៃ បានដាក់ទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរឹងលើទីក្រុងមូស្គូ។

គិតមកដល់ពេលនេះ ជនស៊ីវិលចំនួន ១,១៥១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈមនុស្សចំនួន ១,៨៤២នាក់ផ្សេងទៀតរងរបួស ហើយប្រជាជនអ៊ុយក្រែនជាង ៣លាននាក់ បាននឹងកំពុងភៀសខ្លួនទៅកាន់ប្រទេសក្បែរខាងអ៊ុយក្រែន និង ប្រទេសអឺរ៉ុបមួយចំនួនទៀត ដើម្បីគេចចេញពីសង្រ្គាមមួយនេះ៕

ប្រភព៖ The Day

Telegram-Troryorng
Share.