យោង​តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​អំពី​សេចក្ដី​សំរេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ក្នុង​ ការ​ប្ដឹង​ទាមទារ​របស់​ម្ចាស់​បំណុល​ជា​ប្រពន្ធ​ដើម​ ដែល​ត្រូវ​បាន​ចៅ​ក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ ដីកា​សម្រេច​លេខ​ ​៣៨២​ ​ ស ​ដ​ ​ រ ​កាល​ពី​ថ្ងៃ​ទី​១១​ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ មាន​ន័យ​សំខាន់​ៗ​ចំនួន​៤​ចំណុច​ ​ដូច​ខាង​ក្រោម​៖

១/ ​ហាម​មិន​អោយ​សហ​កូន​បំណុល​ធ្វើ​ការ​លក់​ ​ជួល​ ​បញ្ចាំ​ ​ដាក់​ធានា​ ​ដាក់​ហ៊ឺប៉ូតែក​ ​ធ្វើ​អំណោយ​ ​អច្ច័យទាន​ ប្រទានកម្ម​ ​ឈូស​ឆាយ​ ​សាងសង់​សំណង់​ផ្សេងៗ​ ​និង​ ការ​ទាំងឡាយ​នៅ​លើ​ដី​ ​មាន​ទីតាំង​នៅ​ភូមិ​គោក​ចំបក់​ សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ចំនួន​ ២​ទីតាំង​​​ និង​​​ទីតាំង​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ចំនួន ​២​ទីតាំង​។

២/ ​បង្គាប់​ឲ្យ​សហចុង​ចម្លើយ​ចាកចេញ​ ​និង​ហាម​មិន​ឲ្យ​សហកូន​បំណុល​ស្នាក់​នៅ​ក្នុង​ផ្ទះ​វីឡា​ចំនួន​ ពីរ​ដែល​បាន​សាងសង់​លើ​ទីតាំង​នៅ​ភូមិ​គោកចំបក់​ ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​​ និង ​ទីតាំង​នៅ​ភូមិគោក​ចំបក់​ ​សង្កាត់​ចោមចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​

៣/ ​រឹប​អូស​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ​LEXUS 570 ​ស៊េរី​ឆ្នាំ​ ២០១៨ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​ 2AX​-5057​  ​យក​មក​រក្សា​ទុក​ជា​បណ្តោះ​អាសន្ន​។​

៤/ ប្រាក់​ប្រដាប់​ក្តី​ជា​បន្ទុក​របស់​សហ​កូន​បំណុល​បាន​ន័យ​ថា​អ្នក​រង​ការ​អនុវត្ត​មាន​កាតព្វកិច្ច​ទូទាត់​ឬ​បង់​ទៅ​តុលាការ​។​ទន្ទឹម​នេះ​ តុលាការ​បើក​សិទ្ធិ​ឱ្យ​សហ​កូន​បំណុលអាច​ដាក់​ពាក្យ​តវ៉ា​តាម​បញ្ញាតិ​​មាត្រា​៥៥០​នៃក្រម​នីតិវិធី​រដ្ឋប្បវេណី​។ ​

​​យ៉ាង​ណា​មិញ​នេះ​គ្រាន់​តែ​ជា​ការ​ដក​ស្រង់​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួនប៉ុណ្ណោះ​​ ​មិន​មែន​ជា​ការ​ដក​ស្រង់​ចេញ​ពី​ឯកសារ​ច្បាប់​ដើម​ឬ​ដក​ស្រង់​ពី​សំណាក់​លោក​ជំទាវ​ ​ខុង​ ​លីស៊ីអាណា​ ​ត្រូវ​ជា​ភរិយា​របស់​លោក​ឧកញ៉ា​ ​ឌួង ងៀប​ នោះ​ទេ​៕

Share.