រហូតមកទល់ពេលនេះ មានការតវ៉ានៅលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok ចំពោះបទ «ស្រារាំ» របស់កញ្ញា រ៉ាប៊ី តារាចម្រៀងស្រីនៅក្នុងផលិតកម្មថោន ដោយលើកឡើងថា ជាការកាឡៃទំនុកច្រៀងចេញពីបទ «ចិញ្ចៀនត្បូងប្រាំ» ដែលជាបទសិទ្ធបញ្ញារបស់លោក ស៊ីន ស៊ីសាមុត និងជាការបកស្រាយជាគ្នាជាមួយលោក ប៉ែន រ៉ន។ បទ«ចិញ្ចៀនត្បូងប្រាំ»គឺជាបទស្ថិតក្នុងចំណោម ៧៣ បទ ជាកម្មសិទ្ធិបញ្ញា មត៌កសាសន៍ របស់ក្រុមគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត បានចុះក្នុងបញ្ជីជាផ្លូវការ និងប្រគល់កម្មសិទ្ធិជូនក្រុមគ្រួសារលោកកាលពីឆ្នាំ២០១៤។

បើតាមការលើកឡើងរបស់ហ្វេសប៊ុកផេក Amazing Cambodia ដែលគេស្គាល់ថាជាទំព័រហ្វេស​ប៊ុក​ដែល​ចែក​ចាយ​ព័ត៌មានពាក់ព័ន្ធជាមួយការស្រាវជ្រាវមរតកឯកសារចាស់ៗរបស់សិល្បៈកម្ពុជា បានលើកឡើងថា ៖ «តើបទចេញថ្មីខាងក្រោមនេះយកមេឡូឌីលំនាំបទ ចិញ្ចៀនត្បូងប្រាំ ច្រៀងដោយ ស៊ីន ស៊ីសាមុត + ប៉ែន រ៉ន (និពន្ធបទភ្លេង: ស៊ីន ស៊ីសាមុត) ? បើមែន បទនេះជាកម្មសិទ្ធិបញ្ញា (មត៌កសាសន៍) របស់ក្រុមគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត បានចុះក្នុងបញ្ជីជាផ្លូវការក្នុងចំណោមចម្រៀង៧៣បទ ដែលត្រូវប្រគល់កម្មសិទ្ធិជូនក្រុមគ្រួសារលោកកាលពីឆ្នាំ២០១៤»។

ក្រោយការបង្ហោះមតិជុំវិញករណីខាងលើនេះ តារាចម្រៀងស្រី រ៉ាប៊ី ក៏បានបញ្ជាក់ថា កញ្ញាមិនបានពីដឹង​ពី​បទ​ចម្រៀង​ដែលមហាជនលើកឡើងមកនេះ កន្លងមកទេ ព្រោះថា កញ្ញាគ្រាន់តែបញ្ចេញនូវគំនិតតែកញ្ញាចង់បាន ហើយបានប្រាប់អ្នកនិពន្ធ និងអ្នកធ្វើភ្លេងឱ្យកញ្ញា តាមអ្វីដែលកញ្ញាចង់បាន។ កញ្ញា រ៉ាប៊ី សរសេរនៅលើ Comment ថា៖ «ចា! ខ្ញុំអត់ដឹងផង ហើយអស់ស្គាល់ ទើបតែបងប្រាប់មិញ» និងបានបន្តប្រាប់ទៀតថា៖ «ខ្ញុំអត់ដឹងដែលចាំឱ្យគាត់បកស្រាយ»។ នេះជាសម្ដីដែលកញ្ញា រ៉ាប៊ី បញ្ជាក់ទៅកាន់ហ្វេន។ យ៉ាងណាមិញ អ្នកនិពន្ធបទ «ស្រារាំ» លោក រ័ត្ន តាម៉ូ ក៏បានបញ្ជាក់ឡើងថា៖ «និពន្ធតែទំនុកទេបងប្អូន ដោយ រ័ត្ន តាម៉ូ តែក្រុមការងារគាត់ច្រលំដាក់ថាទាំង Melody សុំទោសផងបងប្អូន»។

គួរបញ្ជាក់ផងដែរថា សារព័ត៌មានត្រយងកំពុងព្យាយាមសាកសួរបន្ថែមពីកញ្ញា រ៉ាប៊ី ក្នុងករណីខាងលើនេះ ដើម្បីស្រាយចម្ងល់មហាជនអ្នកគាំទ្រនៅថ្ងៃនេះ៕

សូមទស្សនាវីដេអូទាំង២ខាងក្រោមនេះ៖

Telegram-Troryorng
Share.