អាមេរិក​ (AP) – ផលិតករ​កម្មវិធី​អូស្ការ​លោក Will Packer បាន​លើក​ឡើង​ថា​ប៉ូលិស​ Los Angeles បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចាប់​ខ្លួន​ Will Smith ក្រោយ​បុរស​ល្បី​រូប​នេះ​ឡើង​ទៅ​ទះ​កំផ្លៀង​ Chris Rock ផ្អើល​ឆាក​ប្រគល់​រង្វាន់​ Academy Awards។

ផលិត​ករ​ខាង​លើ​បាន​ផ្ដល់​សម្ភាសន៍​ដល់​ ABC News កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​សម្រាប់​កម្មវិធី​ «អរុណសួស្ដី​ អាមេរិក​ Good Morning America» ដោយ​លោក​បាន​លើក​ឡើង​ថា​សមត្ថកិច្ច​​និយាយ​ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ទៅ​ចាប់​ Will Smith​ សំខាន់​ឱ្យ​តែមាន​ពាក្យ​បណ្ដឹង​ភ្លាម​ ពួក​ប៉ូលិស​នឹង​ទៅ​ចាប់​ខ្លួន​ Will Smith ភ្លាម​។ នេះ​គឺជា​អ្វី​ដែល​សមត្ថកិច្ច​បាន​ផ្ដល់​ជា​យោបល់​មក​។

ប៉ុន្តែ​ Packer បាន​និយាយ​ថា​ Chirs Rock បែរ​ជា​មិន​យក​គំនិត​នេះ​មក​ពិចារណា​នោះ​ទេ​ ដោយ​គេ​បាន​និយាយ​ថា​គេ​មិន​អីនោះ​ទេ​ រហូត​ធ្វើ​ឱ្យ​ Packer ដល់​ថ្នាក់​ផ្ដល់​យោបល់ឱ្យ​ Chris ទុក​ឱ្យ​ប៉ូលិស​ចាត់​ការ​រឿង​នេះ​ថែមទៀត​។ ក្នុង​នោះដែរ​នាយកដ្ឋាន​ប៉ូលិស​ឡូអែនជឺឡែស​ បាន​សួរថា​តើ​ Chris ចង់​ឱ្យ​ពួក​គេ​ធ្វើ​អីដែរទេ? ស្រាប់​តែ​ Chris ឆ្លើយ​ថា​ «មិន​បាច់​ទេ​»។

នាយកដ្ឋាន​ប៉ូលិស​ឡូអែនជឺឡែស​ (LAPD) បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ក្រោយ​មាន​ហេតុការណ៍​កើត​ឡើង​ក្នុង​កម្មវិធីនោះ​ថា​ ប៉ូលិស​បាន​ដឹង​ពី​រឿង​នេះ​ ហើយ​បាន​ទំនាក់​ទំនងទៅ​ Rock ប៉ុន្តែ​លោក​បដិសេធ​មិន​ប្ដឹង​នោះ​​ឡើយ​។ ប៉ុន្តែ​សមត្ថកិច្ច​ប៉ូលិស​បាន​បដិសេធ​មិន​បញ្ចេញ​មតិ​អ្វីទាំង​អស់​ជុំវិញ​បទ​សម្ភាសន៍​របស់​ផលិតករ​​អូស្ការ​​បាន​​លើក​ឡើង​ខាង​លើ​នេះ​។

គណៈកម្មការ​រៀបចំ​កម្មវិធី​ The Academy of Motion Pictures Arts and Sciences បាន​ជួបជុំ​គ្នា​ដើម្បី​ពិភាក្សា​​​គ្នា​អំពី​អំពើ​ហិង្សា​របស់​ Smith ដែល​ប្រឆាំង​ទៅ​នឹង​គោលការណ៍​ស្ដង់ដារ​របស់​កម្មវិធី​ ដោយ Smith អាច​នឹង​ត្រូវ​ព្យួរ​ឈ្មោះ​ បណ្ដេញ​ចេញ​ ឬ​ក៏​ដាក់​ទណ្ឌកម្ម​។

គណៈកម្មការ​រៀបចំ​កម្មវិធី​បាន​ចេញ​លិខិត​ប្រកាស​មួយ​ថា​ «សកម្មភាព​របស់​ លោក​ Smith នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ​លើក​ទី​៩៤​ គឺ​ជា​ពិត​ជា​ធ្វើ​ឱ្យ​មហាជន​ដែល​ទៅ​ចូលរួម​ផ្ទាល់​និង​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ ​ភ្ញាក់​ផ្អើល​និង​រន្ធត់​ខ្លាំង​។

ក្នុង​លិខិត​នោះ​ក៏​បាន​រំលេច​ដែរ​ថា​ Smith ត្រូវ​បាន​ក្រុម​ការងារ​សុំ​ឱ្យ​ចាកចេញ​ពី​កម្មវិធី​ដែលរៀបចំ​នៅ​ Dolby Theatre ប៉ុន្តែ​សាមីខ្លួន​បាន​បដិសេធ​។

យ៉ាង​ណា​មិញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ ក្រោយ​ពី​ប្រព្រឹត្តិ​ទង្វើ​មិន​គប្បី​នោះ​ Smith បាន​ចេញ​លិខិត​សុំ​ទោស​ទៅ​កាន់​ Chris Rock គណៈ​កម្មការ​រៀបចំ​កម្មវិធី​ទូរទស្សន៍​ និង​សាធារណជន​ ដោយ​លោក​បាន​លើក​ឡើង​ថា​ «ខ្ញុំ​បាន​ធ្វើ​ជ្រុល​ហួសហេតុ​ពេក​ហើយ​ ខ្ញុំ​ពិត​ជា​ខុស​មែន​»

ថ្វី​ត្បិត​បាន​ចេញ​លិខិត​រៀបរាប់​ដូច​បាន​សរសេរ​ខាង​លើ​នេះ​ក៏​ពិត​មែន​តែ​គណៈកម្មការ​រៀបចំ​កម្មវិធី​បាន​​ប្រកាស​ដែរ​ថា​ Will Smith មាន​ឱកាស​ការពារ​ខ្លួន​លោក​ តាមរយៈ​ការ​សរសេរ​លិខិត​ឆ្លើយ​តប​​នៅ​មុន​ពេល​ការ​ប្រជុំ​ថ្នាក់​កំពូល​ៗ​នាង​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ខាងមុខ​។

ងាក​មក​ជន​រងគ្រោះ​ក្នុង​ហេតុការណ៍​ស្មាន​មិន​ដល់​ Chris Rock បាន​និយាយ​ជា​សាធារណៈ​ចំពោះ​រឿង​នោះ​ជា​លើក​ដំបូង​ខ្លី​ៗ​ប៉ុណ្ណោះ​ក្នុង​កម្មវិធី​និយាយ​កំប្លែង​​នៅ Boston ដោយ​លោក​គ្រាន់​តែ​ពោល​ថា​ ខ្ញុំ​កំពុងចាត់​ការ​​ចំពោះ​អ្វី​ដែល​កើត​ឡើង​។

ប្រភព៖ APNEWS

Telegram-Troryorng
Share.