អាមេរិក​ – Netflix និង Sony បាន​ដក​ការងារ​ (Project) និង​ផ្ដាច់​កុង​ត្រា​ជាច្រើនរបស់​ខ្លួន​ជាមួយ​នឹង​ Will Smith ​នៅ​រយៈ​ពេល​១​សប្ដាហ៍​ក្រោយ​ បន្ទាប់​ពី​តារា​សម្ដែង​ហូលីវូដ​រូប​នេះ​​បាន​ប្រើ​ហិង្សា​ឡើង​ទៅទះ​កំផ្លៀង​ Chris Rock នៅ​លើឆាក​ខណៈ​កំពុង​ប្រកាស​រង្វាន់​សម្រាប់​កម្មវិធី Academy Awards។

យោង​តាម​ការ​ចុះផ្សាយ​របស់​ CBC បាន​ឱ្យ​ដឹង​ថា​ការងារ​ជា​ច្រើន​របស់​ Smith ដែល​ត្រូវ​បាន​ផ្ដាច់​កុង​ត្រា​នោះ​គឺ​ជា​លទ្ធផល​បណ្ដាល​មក​ពី​រឿង​អាស្រូវ​ទះ​កំផ្លៀង​ដ៏​ល្បី​ល្បាញ​ផ្អើល​ឆាក​អូស្ការ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​ ភាពយន្ត​រឿង​ «Fast and Loose» របស់​ Netflix និង​រឿង​ «Bad Boys 4» របស់​ Sony ក៏​ត្រូវ​បាន​ផ្អាក​មិន​ដំណើរ​ការ​ដែរ​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ Hollywood Reporter។

ហេតុការណ៍​ផ្អើល​សឹង​មួយ​ពិភពលោកនេះ​បាន​ធ្វើ​ឱ្យ​ ការងារ​ជា​ច្រើន​របស់​ Smith ត្រូវ​ជាប់​គាំង​ ហើយ​រឿង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាជីព​សិល្បៈ​របស់​ Will Smith ផង​ដែរ​។

ថ្មីៗ​នេះ​ដែរ​លោក Will Smith ក៏​បាន​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញ​ពី​សមាជិក​ភាព​របស់​ The Academy ផង​ដែរ​ ខណៈ​ដែល​អង្គភាពរៀបចំ​កម្មវិធី​ខាង​លើ​ក៏​កំពុង​តែ​បើកការ​ប្រជុំ​ដើម្បី​ជំនុំ​ជំរះ​និង​កាត់​សេចក្ដី​ចំពោះ​ទង្វើ​ហិង្សា​របស់​ Will Smith ដែល​បាន​ប្រពឹត្តិ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ជា​សាធារណៈផង​ដែរ៕
ប្រភព៖ hollywoodreporter, dailycaller

Telegram-Troryorng
Share.