ភ្នំពេញ៖ ខ្មាន់កាំភ្លើងបើករថយន្តមកបាញ់ស្រោចទៅលើជនជាតិចិនម្នាក់បណ្ដាលអោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយសង្រ្គោះបន្ទាន់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧នឹង៣០នាទីថ្ងៃទី០៤ខែមេសាឆ្នាំ២០២២ ស្ថិតនៅចិញ្ចើមផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុឃើញរថយន្តមួយគ្រឿងម៉ាក ម៉េកសឺដេស មិនចាំស្លាកលេខបើកមកឈប់នៅកន្លែងកើតហេតុ ខ្មាន់កាំភ្លើងបើកទ្វារចុះពីលើរថយន្ដបាញ់ស្រោចទៅលើជនរងគ្រោះជាច្រើនគ្រាប់បណ្ដាលឱ្យជនចិនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុហ៊ុំព័តខ្សែរសហការជាមួយសមត្ថកិច្ចជំនាញត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅទីតាំងកន្លែងកើតហេតុកំពុងបើកការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្មាន់កាំភ្លើងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Share.