ក្រោយពីមានសេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតពលរដ្ឋជាបន្តបន្ទាប់រហូតដល់១១នាក់ គិតត្រឹមថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២១នេះ សមត្ថកិច្ចចម្រុះកំពុងបើកការស្រាវជ្រាវលម្អិតបន្ដទៀត ដើម្បីកំណត់ច្បាស់ថា មូលហេតុនៃការស្លាប់របស់ពលរដ្ឋទាំងនោះបណ្ដាលមកពីអ្វីឲ្យប្រាកដ។

ហេតុការណ៍នេះបានកើតឡើងនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានមនុស្ស១១នាក់ បានស្លាប់ជាបន្ដបន្ទាប់ រហូតដែលគេបានដាក់ការសង្ស័យថាបណ្តាលមកពីពុលស្រាស ពេលពួកគេផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។

នៅមុនកើតហេតុ មានប្រជាពលរដ្ឋមួយប្រមាណ២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យសព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសឲ្យផ្អាកលក់និងផឹកស្រាយ៉ាងណាក្ដី។

ប្រភពអះអាងទៀតថា អាជ្ញាធរបានចុះទៅប្រមូលស្រាសទាំងអស់ពីតូបប្រមាណ២០នៅតាមមូលដ្ឋាន ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិ     មេតាណុលលើសកម្រិតនៅក្នុងស្រាស។ សមត្ថកិច្ចសង្ស័យថា ការស្លាប់របស់ពលរដ្ឋទាំងនោះបណ្តាលមកពីពុលស្រា ប៉ុន្តែយ៉ាងក៏ដោយត្រូវរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ៕

Share.