មហាជនបានជ្រាបកន្លងមកហើយថា កញ្ញា ផ្កាយ គឺជាតារាសម្ដែងស្រីដែលមានប្រវត្តិតស៊ូពុះពារគ្រប់ឧបសគ្គ រហូតបានក្លាយទៅជាតារាសម្តែងនិងបង្ហាញម៉ូដដ៏លេចធ្លោម្នាក់នៅក្នុងប្រទេស ហើយមួយរយៈចុងក្រោយនេះកញ្ញាបានឈរជើងយ៉ាងមាំនៅលើវិស័យសិល្បៈ ព្រមទាំងបានបន្ថែមជំនាញផ្សេងៗដូចជា ពិធីការិនី និងច្រៀង ឱ្យមហាជនទទួលស្គាល់កញ្ញាផងដែរ។

កញ្ញា ផ្កាយ នៅក្នុងឆ្នាំនេះមានវ័យប្រមាណ ២៤ ឆ្នាំហើយ កញ្ញាមានឈ្មោះពិតថា ហាស់ ឌីជូលីន ដែលជាអតីតកញ្ញាឯក Bridgestone។ ថ្មីៗនេះ គេបានឃើញនៅលើហ្វេសប៊ុករបស់កញ្ញាដែលមានឈ្មោះថា Julin Dy Has បានបង្ហោះនូវសារឈឺចាប់ក្នុងចិត្តយ៉ាងវែងអន្លាយ។ តើកញ្ញាមានរឿងអ្វីកើតឡើង?

គេនៅចាំបានថា អតីតកញ្ញាឯក Bridgestone រូបនេះធ្លាប់មានសម្រោលអតីតកាលដ៏ឈឺចាប់ ក្រោយជួបហេតុការណ៍លោតទម្លាក់ខ្លួនពីលើសណ្ឋាគារ​ជាន់​ទី​១២​មកជាន់ផ្ទាល់ដី រហូតធ្វើឱ្យកញ្ញាមានរបួសធ្ងន់ និងបានផ្អាកការងារសិល្បៈអស់រយៈជាច្រើនខែ ។ រាងកាងកញ្ញាត្រូវខ្ទេចខ្ទាំ បាក់ឆ្អឹង ហើយក៏ព្រោះថាហេតុការណ៍មួយនេះបានធ្វើឱ្យកញ្ញា ហាស់ ឌីជូលីន មានបញ្ហាផ្លូវចិត្ត ហើយរងទង្កិចការនិន្ទាពីអ្នកលេងបណ្ដាញសង្គមជាច្រើនទៀត ដោយខ្លះលើកឡើងថា កញ្ញាខូចខិត្តរឿងស្នេហា ខ្លះទៀតថា កញ្ញាប្រើប្រាស់សារជាតិញឿន ហើយមានខ្លះទៀតថា កញ្ញាត្រូវព្រលឹងចូលសណ្ឋិតរហូតដល់បាត់បង់ស្មារតី ទើបលោតចុះមកក្រោមបែបនេះ។ សម្រោលឈឺចាប់ពីអតីតកាលនេះ ពិតជាធ្វើឱ្យកញ្ញា ហាស់ ឌីជូលីន ពិបាកប្រឈមមុខក្នុងចង្កោមសិល្បៈ រហូតដល់កញ្ញាសម្រេចថាប្ដូរឈ្មោះ ហើយសាងប្រវត្តិថ្មីក្នុងវិថីសិល្បៈម្ដង។

មកទល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២២នេះ គេក៏ស្រាប់តែឃើញ ហាស់ ឌីជូលីន បង្ហោះសារម្ដងទៀត ទម្លាយពីរឿងរ៉ាវដ៏ឈឺចាប់នៅក្នុងចិត្តឱ្យមហាជនអ្នកគាំទ្របានដឹង។ ដោយកញ្ញាបានរៀបរាប់យ៉ាងវែង ភ្ជាប់ជាមួយរូបភាព ៤សន្លឹកថា៖ «រូបទីមួយជាថ្ងៃខួបកំណើតរបស់ខ្ញុំពេលនោះខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាសប្បាយចិត្តនិងជីវិតខ្លួនឯងណាស់ខ្ញុំមិនដែលស្គាល់ទេពាក្យថា ស្អប់ ពាក្យថា មើលងាយ ហើយខ្ញុំក៏មិនដែលលំបាកដែរពេលនឹង។ ខ្ញុំជាមនុស្សដែលមិនសូវយកចិត្តទុកដាក់ជាមួយនឹងអារម្មណ៍មនុស្សជុំវិញខ្លួន តែខ្ញុំក៏នៅតែមានមិត្តច្រើន មិនខ្វះទេមនុស្សដែលតាមមនុស្ស ដែលចូលចិត្ត ស្រលាញ់រាប់អាន😊»។

រូបទីមួយ

កញ្ញាបានបន្ដទៀតថា «រូបទីពីរ ជាថ្ងៃដែលខ្ញុំទទួលបានគ្រប់យ៉ាងទាំងការឈឺចាប់ទាំងការបាត់បង់ទាំងការមើលងាយ ទោះជាពេលនោះខ្ញុំប្រឹងរៀបរាប់បែបណាក៏ទឹកមាត់ខ្ញុំសាបដូចជាទឹកទន្លេអីចឹង ខ្ញុំឈឺចាប់ពេញខ្លួន ខ្ញុំពិបាកដើរពិបាកគេងពិបាកងើប ហើយពេលនោះខ្ញុំគ្មានមិត្តទៀតទេ ខ្ញុំបើកភ្នែកពេលណាគឺមានតែគ្រួសាររបស់ខ្ញុំទេ ដែលចាំមើលថែខ្ញុំគ្រប់ពេល ពេលនោះខ្ញុំក៏ចាប់ផ្ដើមយល់កាន់តែច្បាស់ពីជីវិតរបស់មនុស្សទូទៅ ខ្ញុំក៏ចាប់ផ្ដើមបាត់បង់ភាពជឿជាក់ បាត់បង់អ្វីដែលជាខ្លួនឯងពីមុន»។

រូបទីពីរ

បន្តមកទៀត កញ្ញាក៏បានទម្លាយការឈឺចាប់ឱ្យមហាជនដឹង នៅរូបភាពទី៣ ដែលកញ្ញាលើកឡើងថា «រូបទីបី ជាថ្ងៃដែលខ្ញុំប្រកាស់ថានិងចូលសិល្បះវិញ ពេលនោះខ្ញុំក៏ចាប់ផ្ដើមទទួលបានសំនួរ ដដែលៗ (យើងនិងមែនដែលមានបញ្ហា,ម្នាក់និងធ្លាក់ពីអាគារមែន,មុនបងឯងស្រដៀងៗបងផ្កាយម៉េចទេ……) ហើយខ្ញុំក៏ចាប់ផ្ដើមឃើញស្រមោលអតតីការវាតែងតែនៅពីមុនខ្ញុំ វាតែងលេចចេញមកគ្រប់ពេលដែលមានសំនួរទាំងអស់នោះ ខួរក្បាលខ្ញុំចាប់ផ្ដើមក្លាយទៅជាធុងសំរាមទុកសំនួរទាំងអស់នោះ ខ្ញុំចាប់ផ្ដើមមើលងាយខ្លួនឯងខ្ញុំចាប់ផ្ដើមស្អប់ខ្លួនឯង »។

រូបទីបី

ចុងក្រោយនេះ កញ្ញាថា «រូបទីបួន ជារូបក្នុងឆ្នាំ2022 អ្នកទាំអស់គ្នា ខ្ញុំតស៊ូជាមួយអារម្មណ៍ទាំងអស់នោះ5ឆ្នាំមកហើយ 5ឆ្នាំមុនខ្ញុំរស់ពិបាកជាងស្លាប់ទៅទៀតខ្ញុំឈឺចាប់ណាស់ក្នុងពេល5ឆ្នាំនោះ ខ្ញុំក៏បានជួបរឿងដែលខ្ញុំមិនអាចទទួលយកបាន ខ្ញុំបានលឺពាក្យដែលខ្ញុំមិនចង់ស្ដាប់ ខ្ញុំព្យាយាមរត់ចេញពីស្រមោលខ្មៅនោះណាស់ ខ្ញុំព្យាយាមលាក់ការពិត តែចង់ក្រោយនៅតែធ្វើមិនបាន រហូតមកដល់ឆ្នាំ2020ខ្ញុំក័ចាប់ផ្ដើមបោះចោលរឿងអតតីកាលដែលខ្ញុំតែតែងលាក់ទុក ខ្ញុំក៏រៀនទទួលយកក៏ពិត ខ្ញុំក៏បើកចិត្តទទួលស្ដាប់ពាក្យពិត។ មកដល់ឆ្នាំ2021ខ្ញុំក៏រៀនយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ខ្ញុំក៏មិនខ្វល់ថាអ្នកណាមើលងាយ ខ្ញុំមិនខ្វល់និងសំនួរដែលខ្ញុំខ្លាច ខ្ញុំចាប់ផ្ដើមរៀនសិក្សាពីមនុស្ស រៀនស្គាល់ពីចិត្ត រៀនរឹងមាំ រៀនតស៊ូ រៀនផ្លាប់ប្ដូរ មកដល់ឆ្នាំ2022ក៏ខ្ញុំនៅតែរៀនពីជីវិតនេះដែល🌎»។

រូបទីបួន

ក្រោយឃើញការទម្លាយសារនេះហើយ មានមហាជនអ្នកគាំទ្រតារាសម្ដែងស្រី ផ្កាយ បានបង្ហាញពីការព្រួយបារម្ភចំពោះកញ្ញា និងបានប្រាប់ឱ្យកញ្ញាតស៊ូជម្នះចំពោះពាក្យមើលងាយអស់ទាំងនោះផងដែរ៕

ប្រភព៖ Julin Dy Has

Telegram-Troryorng
Share.