កាល​ពី​​ពេល​ថ្មីៗ​នេះ​ផេក​មួយ​មាន​ឈ្មោះ​ថា​ OppAcademy ដែល​ជា​ផេក​គាំទ្រ​រឿង​ភាគ​កូរ៉េ​របស់​ហ្វ៊ីលីពីន​បាន​ចែក​រំលែក​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​ដោយ​បាន​ឱ្យ​ដឹង​ថា​ភាពយន្តភាគ​កូរ៉េ​ដ៏​ល្បីល្បាញ​ «Start-Up» កំពុង​ត្រូវ​បាន​ក្រុម​ការងារ​ត្រៀម​យក​មក​ផលិត​ជា​ Version ហ្វ៊ីលីពីន​ ថែម​ទាំង​បង្ហាញ​តួ​អង្គ​សំខាន់​​ទាំង​៤រូប​​របស់​ហ្វ៊ីលីពីន​ដែល​នឹង​ត្រូវ​សម្ដែង​ផង​ដែរ​។

យ៉ាងណា​មិញ​អ្នក​គាំទ្រ​ហ្វ៊ីលីពីន​ក្រោយ​បាន​ឃើញ​ដំណឹង​នេះ​ដូច​ជា​មិន​សូវ​គាំទ្រ​និង​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ឡើយ​ ដែល​ហ្វ៊ីលីពីន​យក​រឿង​ភាគ​ដ៏​ល្អរបស់​កូរ៉េ​មក​ផលិត​ជា​​ភាពយន្ត​ភាគ​ហ្វ៊ីលីពីន។ សម្រាប់​​​ហ្វេន​ៗ​មួយ​ចំនួន​យល់​ថា​តួ​អង្គ​ដែល​ក្រុម​ផលិត​ហ្វ៊ីលីពីន​យក​មក​សម្ដែង​នោះ​ហាក់​ដូច​ជា​មិន​ទាន់​សក្ដិសម​ប៉ុន្មាន​នោះ​ឡើយ​ ខណៈ​ដែល​មតិ​ខ្លះ​យល់​ឃើញ​ថា​តួអង្គ​ហ្វ៊ីលីពីន​មើល​ទៅ​​មាន​វ័យ​រាង​ជ្រេ​បន្តិច​បើ​ប្រៀប​ទៅ​នឹង​តួអង្គ​ដើម​របស់​កូរ៉េ​។

«មើល​ទៅ​តួសម្ដែង​ដូច​ជា​មិន​សូវសម​នោះ​ទេ?», «បើយក​តួអង្គ​ក្មេង​ៗ​ជាង​នេះ​ប្រហែល​ជា​ល្អ​», «គ្មាន​អ្នកណា​គេ​មើល​នោះ​ទេ​», «​តើ​អ្នក​និពន្ធ​​ល្អ​នៅហ្វ៊ីលីពីន​អត់​មាន​ទេ? មើល​ទៅ​ដូច​ជា​ថត​តាម​រឿង​កូរ៉េ​ច្រើន​ពេក​ហើយ​ ហាសៗ សុំទោស​ផង​ ប៉ុន្តែ​បើ​មើល​ពី​គុណភាព​របស់​រឿង​វិញ​ដូច​ជា​អន់ថយទៅ​ហើយ​ ហាសៗ បញ្ចូល​សំឡេង​រឿង​ដើម​គេ​ទៅ​ ប៉ុន្តែ​មិន​បាច់​ថត​តាម​គេ​ទេ​ ហាសៗ», «ចប់​ហើយ​! តួ​ឯក​ស្រីមិន​សម​ជា​មនុស្ស​ស្រី​ចាស់​នោះ​ទេ​», «ឧស្សា​ហ​កម្ម​ភាពយន្ត​ហ្វ៊ីលីពីន​ល្មម​ជួល​អ្នក​និពន្ធ​ក្មេង​ៗ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​បាន​ហើយ​»។

រាល់​​មតិ​លើក​ឡើងខាង​លើ​នេះ​គ្រាន់​តែ​ជា​​មតិ​មួយ​​​ចំនួន​តូច​ដែល​សារព័ត៌មាន​ត្រយង​បាន​ដក​ស្រង់​ចេញ​ពី​ផេក​ OppAcademy ប៉ុន្តែ​នៅ​មាន​មតិ​មួយ​ចំនួន​ធំ​ទៀត​ដែល​បង្ហាញ​ទស្សនៈ​មិន​គាំទ្រ​ រិះគន់​ និង​មិន​ពេញចិត្ត​ចំពោះ​ការ​ផលិត​ភាពយន្ត​នេះជា​​រឿង​ភាគ​របស់​ហ្វ៊ីលីពីន​​។

រឿង​ភាគ​ «Start-Up» គឺ​ជា​រឿង​ភាគ​របស់​ TVN ដែល​បាន​បញ្ចាំង​នៅ​លើ​ Platform Netflix ហើយ​ទទួល​បាន​ការគាំទ្រ​និង​សរសើរ​យ៉ាង​ច្រើន​ រហូត​ក្លាយ​ជា​ភាពយន្តល្អ​និង​មាន​ការ​ពេញ​និយម​ខ្លាំង​បំផុត​មួយ​របស់​កូរ៉េ​ខាង​ត្បូង​នៅ​លើ​ Netflix ផង​ដែរ៕

ប្រភព៖ OppAcademy

Telegram-Troryorng
Share.