ក្រោយ​ផ្ទុះ​ដំណឹង​គ្រូ​តឿ​ឆី​អាចម៍​គោ​ត្រូវ​សមត្ថកិច្ច​ចាប់​វាស់​កម្ពស់​ និង​មាន​ការ​ផ្សព្វផ្សាយ​​យ៉ាង​គគ្រឹកគគ្រេង​លើ​បណ្ដាញ​សង្គម​និង​បណ្ដាញ​សារព័ត៌មាន​នានា​ ស្រាប់​តែ​តារា​ចម្រៀង​ យឿន ពិសី​ អតីត​ម្ចាស់​ពាន​ Cambodia’s Got Talent របស់​ទូរទស្សន៍​ហង្សមាស​ ហាក់​មិន​អស់​ចិត្ត​ហើយ​បាន​ចេញ​មក​អំពាវនាវ​ចំពោះ​ករណី​នេះ​ដូច​ខាង​ក្រោម​។

សូម​ចុច​អាន​ – សមត្ថកិច្ច នាំខ្លួនគ្រូតឿ សួរនាំក្រោយធ្វើវីដេអូ យកអាចម៍គោធ្វើជាអាហារ

នៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២២នេះ សមត្ថកិច្ច នគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំ បញ្ជារបស់ លោកឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្រ ស្នងការខេត្ត បានហៅគ្រូតឿមកប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌។ ដំណឹង​ដ៏​រសើប​និង​ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពីសាធារណជន​នេះ​ ក៏​មាន​ការ​ចាប់​អារម្មណ៍និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​​តាម​ដាន​ពី​តារា​ចម្រៀង​​ យឿន ពិសី​ អតីត​ម្ចាស់​ពាន​របស់​ទូរទស្សន៍​ហង្សមាស​ ដោយ​បុរស​កូន​មួយ​រូប​នេះ​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​បុគ្គល​​មួយ​ចំនួន​ដែល​ប្រើប្រាស់​រូបភាព​ផ្សេង​ៗ​ដែល​ប្រាសចាក​ក្រម​សីលធម៌​ ដើម្បី​តែ​ទាក់ទាញ​ប្រជាប្រិយភាព​ចង់​បាន​ View, Like ច្រើន​ ដោយ​មិន​បាន​គិត​ទៅ​ដល់​ផល​ប៉ះពាល់​នានា​ដែល​អាច​នឹង​កើត​មាន​ឡើង​នា​ពេល​អនាគត​។

យោង​តាម​រយៈ​សំនេរ​នោះ​ យឿន ពិសី​បាន​អំពាវនាវ​ក៏​ដូច​ជា​សំណូម​ពរ​យ៉ាង​ទទូច​ទៅ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​​ផ្នែក​ព្រហ្មទណ្ឌ​ទាំង​អស់​ឱ្យ​ពិនិត្យ​មើល​​ចំពោះ​ក្រុម​សម្ដែង​ទាំង​អស់​ កុំ​ចាប់​ព្រមាន​តែ​បុគ្គល​តែម្នាក់​នោះ​អី​។

យឿន ពិសី​​បង្ហោះ​សារ​លើ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ យឿន ពិសី​ មាន​ (Blue Tick) ថា៖ «សូម​គោរព​​បង​ៗ​មន្ត្រី​ប៉ូលីស​​និង​បងៗ​មន្ត្រី​ខាង​ផ្នែក​ព្រហ្ម​ទណ្ឌ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ព្រឹក​នេះ​ ខ្ញុំ​បាន​ឃើញ​ហើយ​នូវ​ព័ត៌មាន​មួយ​នេះ​ដូច​នេះ​ហើយ​ទើប​ខ្ញុំ​សូម​សំណូម​ពរ​ដល់​បង​ៗ​មន្ត្រី​ប៉ូលីស​ព្រម​ទាំង​មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ​ទាំង​អស់​សូម​បង​មេត្តា​បោស​សំអាត​សរុប​តែ​ម្ដង​ទភ​ ព្រោះ​នៅ​ក្នុង​ប្រទេស​​យើង​មាន​ច្រើន​ខ្លាំង​ណាស់​បង ប្អូន​ចង់​ឱ្យ​បង​កោះ​ហៅ​យក​ទៅ​ព្រមាន​សរុប​តែ​ម្ដង​ទៅ​បង​ ដើម្បី​ឱ្យ​សង្គម​របស់​យើង​ស្រស់​ស្អាត​ឡើង​វិញ​ណា​បង​»

ការ​លើក​ឡើង​របស់​ យឿន ​ពិសី​ ក៏​មាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​របស់​លោក​ដែរ ដោយ​អ្នក​គាំទ្រ​បាន​បង្ហាញ​មតិ​យល់​ស្រប​ចំពោះ​​ការ​លើក​ឡើង​ទាំង​អស់​របស់​លោក​។

អ្វី​ដែល​មហាជន​កំពុង​រង់ចាំ​តាមដាន​ជា​បន្ត​នោះ​គឺ​ចង់​ដឹងថា​ក្រោយ​មាន​ការ​កោះហៅ​គ្រូ​តឿ​ឆី​អាចម៍​គោ​មក​ព្រមាន​ហើយ​នោះ​ តើ​នឹង​មាន​ការ​កោះហៅ​តារា​ហ្វេសប៊ុក​ឬ​ Youtube ណា​ដែល​ផ្សព្វផ្សាយ​រូប​ភាព​ប្រាសចាក​ក្រម​សីល​ធម៌​ ឬ​បង្ក​ឱ្យ​មាន​ភាព​អសកម្ម​ក្នុង​សង្គម​ជាតិ​ជា​ប​ន្ត​ទៀត​ដែរ​ឬទេ?​ ព្រោះ​ទង្វើ​ខ្លះ​មហាជន​យល់​ឃើញ​ថា​គឺ​ជា​សកម្ម​ភាព​មួយ​មិនមាន​លក្ខណៈ​អប់រំ​ដល់​យុវជន​ដែល​ជា​អ្នក​ទស្សនា​បន្តិច​សោះ​ឡើយ​ មាន​តែ​បង្កើត​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ទៅ​វិញ​នោះ​ទេ​៕

ប្រភព៖ យឿន ពិសី 

Telegram-Troryorng
Share.