យ៉ាងហោចណាស់មានកម្មករសំណង់នៅសង្កាត់ទឹកថ្លា និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញជាង៧០នាក់បានឆ្លងកូវីដ១៩នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២១នេះ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងចំណោមកម្មករសំណង់ដែលបានឆ្លងកូវីដ១៩ ទាំងអស់មាននៅការដ្ឋាន អគារអារ៉ាខាវ៉ា ក្នុងសង្កាត់ទឹកថ្លាចំនួនជាង៦០នាក់និង ៨នាក់ទៀតនៅការដ្ឋានសំណង់ក្នុងសង្កាត់ឃ្មួញ។

សូមរំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ១៩១នាក់ដែលទើបត្រូវបានរកឃើញនៅក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ទាំងអស់ទាំងផ្ទាល់និងប្រយោលសូម ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គលចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់៕

Share.