ព្រះវិហារ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីដាំដំឡូង ជាន់ប៉ះចំមីន តោនផ្ទុះកក្រើកដីកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចខាងកើតស្រែអូរសឹង្ហខាងកើតភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 ជនរងគ្រោះឈ្មោះ ខូយ ថុណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបរត្រាក់ទ័រភ្ជួរដី រស់នៅក្នុងភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកត្រាក់ទ័រទៅភ្ជួរដីចំការ ដើម្បីដាំដំឡូងមី ទាំងយប់ ខណៈដែលកំពុងភ្ជួរបែជាជាន់ប៉ះចំមីនតោន ដែលបន្សល់ ទុកតាំងពីសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះកក្រើកដី ផ្អើលទាំងយប់ រងរបួសធ្ងន់ អ្នកបើកបរ ត្រាក់ទ័ររងខូចខាត ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ អ្នកភូមិនាំបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។

ជុំវិញករណីផ្ទុះមីនតោនខាងលើ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច អាជ្ញាធរ បោសសម្អាត មីន ចុះទៅពិនិត្យនៅទីតាំងកើតហេតុ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.