ភ្នំពេញៈ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បើករថយន្តវីហ្គោ ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BK-9955 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 1950 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កែងជាមួយផ្លូវលេខ 1003 ក៏រេចង្កូតទៅបុមដើមស្វាយមួយដើម បណ្ដាលអោយបាក់រាបដល់ដី ហើយរថយន្តបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត បាក់អស់ 2 កំណាត់ ឯរថយន្តហោះផ្លោងក្រឡាប់ផ្ងារជើងទាំង 4 ទ្រមេឃទាំងកណ្ដាលរាត្រី តែជាសំណាងល្អក្នុងករណីនេះមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍ដ៏រន្ធត់ដូចរឿងហុងកុង នេះ កើតឡើងកាលពីវេលាម៉ោង 1:30 នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី 9 ខែមេសា ឆ្នាំ 2022 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

Share.