ភ្នំពេញ ៖  ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចកាលពីវេលាអធ្រាត្រចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅមុខក្រុមហ៊ុនលក់ម៉ាស៊ីនត្រជាក់ តាមបណ្ដោយផ្លូវ២១៧ ម្ដុំរោងកុនអង្គរ ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចៃដន្យម្ចាស់តាមរកឃើញ នៅវេលាម៉ោង១១ព្រឹក ថ្ងៃដដែល មុខមន្ទីរពេទ្យកាល់ម៉ែត ដេញតាមសមត្ថកិច្ចឃាត់បាននៅគល់ស្ពានជ្រោយចង្វារ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ណាក់ នឿន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់អូឫស្សី២ ខណ្ឌ៧មករា មានស្រុកកំណើតនៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះមានឈ្មោះ ម៉ា នុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរដឹកម៉ាស៊ីនត្រជាក់ ឲ្យក្រុមហ៊ុន តាំងម៉េងលី មានស្រុកកំណើតនៅខេត្តព្រះវិហារ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1lL-5360 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរ៉ឺម៉ក ចតទុកខាងមុខក្រហ៊ុនដូចសព្វដង លុះដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ទើបដឹងថា មានជនសង្ស័យលូចផ្តាច់ រ៉ឺម៉ក ចោល យកតែម៉ូតូ ទៅបាត់ លុះឆែកមើលតាមកាមេរ៉ាសុវត្តិភាព ទើបដឹងថា ជនសង្ស័យធ្វើសកម្មភាព លួចម៉ូតូនៅវេលាម៉ោង២ និង ៥០នាទីរំលងអធ្រាត្រ ក៏តាមស្វែងរក រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃ ដដែល ប្រទះឃើញជនរងគ្រោះជិះម៉ូតូ ត្រង់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ដេញតាមរហូតដល់ គល់ស្ពានជ្រោយចង្វារ ស្រែកឆោឡោ ត្រូវបានកម្លាំងនគរបាលចរាចរ កំពុងតែអនុវត្តិច្បាប់ ចាប់ឃាត់ ខ្លួនបាន ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យបាននាំទៅសាកសួរនីប៉ុស្តិ៍អូរឫស្សី២ ខណ្ឌ៧មករា ដើម្បីកសាង សំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.