អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនកំពុងតាមដានវីរុសបំប្លែងខ្លួនកូវីដ១៩ ថ្មីមួយទៀត ដែលផ្សំពីវីរុសអូមីក្រុងកាត់ XE ដែលវីរុសថ្មីនេះអាចឆ្លងបានច្រើន និង ខ្លាំងជាងវីរុស អូមីក្រុង ថែមទៀត។

លោក Babatunde Olowokure ប្រធាននាយកដ្ឋានគ្រាអាសន្ននៅប៉ាស៊ីហ្វិកខាងលិចរបស់អង្គការ WHO បានឲ្យនិយាយថា សារធាតុផ្សំឡើងវិញរបស់មេរោគដែលកំពុងមាននាពេលបច្ចុប្បន្ន ហើយនឹងបន្តលេចឡើងជាប្រភេទថ្មីៗជាច្រើន ក្រោយពេលមេរោគ ២ផ្សេងគ្នា ឆ្លងកោសិកាដូចគ្នា និង ផ្លាស់ប្ដូរហ្សែនរវាងពួកវា ហើយការផ្សំឡើងវិញនេះ គឺជារឿងធម្មតាប៉ុណ្ណោះក្នុងចំណោមមេរោគឆ្លង។ លោកបន្តថា យើងកំពុងបន្ដតាមដានវា និង របៀបដែលពួកវាកំពុងអភិវឌ្ឍ និង រីករាលដាល ជាពិសេសទាក់ទងនឹងថា តើពួកវាអាចឆ្លងបានច្រើនជាងវីរុសទម្រង់ដើម ឬ អត់?

ស្ថាប័នសុខភាពសកលបានឲ្យដឹងថា ពេលនេះ WHO កំពុងបន្តតាមដានវីរុសបំប្លែងថ្មីបំផុតនេះ ខណៈ XE មានសមត្ថភាពចម្លងខ្លាំងជាងវីរុស អូមីក្រុងបំបាំងកាយ BA.2 ចំនួន ១០ភាគរយ ប៉ុន្ដែ XD មិនអាចឆ្លងបានច្រើនជាងវីរុសបំប្លែងខ្លួនដទៃទៀតនោះទេ។

សូមជម្រាបថា អូមីក្រុងកូនកាត់ XE ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញដំបូងនៅក្នុងចក្រភពអង់គ្លេស ហើយបន្តរកឃើញនៅប្រទេសឥណ្ឌា និង ថៃ កាលពីសប្ដាហ៍មុន ចំណែកឯអូមីក្រុង XD ត្រូវបានរកឃើញនៅក្នុងប្រទេសបារាំង បែលហ្សិក និង ដាណឺម៉ាក៕

ប្រភព៖ South China Morning Post

Share.