កោះកុង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាន បន្ទាប់ពីដើរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង អំពូលសូឡា តាមទីសាធារណៈ ក្នុងក្រុងខេមរិន្ទ និងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរិន្ទ ខេត្តកោះកុង។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ មាស ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅមិនពិតប្រាកដ ។ ទី២ ឈ្មោះ តំ ស៊ីណា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ។ 

សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកMSX ពណ៌ខ្មៅលាយក្រហម ស្លាកលេខ កំពត1I-4926 ១គ្រឿង , ម៉ូតូសណ្តោងររ៉ឺម៉ក ១គ្រឿង ,កន្ត្រៃកាត់ដែកចំនួន១ ,កន្ត្រៃកាត់ខ្សែភ្លើងចំនួន១ ,ដង្កាប់កាត់ខ្សែភ្លើងចំនួន១ ,ដាវចំនួន១ដើម ,កាំបិតចំនួន១, ខ្សែកាប និងខ្សែភ្លើងចំនួន២ខ្សែ ,ដែកឆាបចំនួន១ , ម៉ូទ័របូមទឹកចំនួន១ , អំពូលសឡាចំនួន៨ផ្ទាំង , និងឧបករណ៍សំរាប់ធ្វើសកម្មភាពមួយចំនួនទៀត ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យសកម្មដើរធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង អំពូល ផ្ទាំងសូឡា តាមផ្លូវ ទីសាធារណៈ ក្នុងភូមិសាស្ត្រក្រុងខេមរិន្ទ និងស្រុកមណ្ឌលសីមា ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅការិយាល័យជំនាញ ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.