សហព័ន្ធ​កីឡា​បាល់ទាត់​នៃ​ប្រទេស​ថៃ ដែល​មាន​ក្រុមហ៊ុន Thai Premier League co.ltd ជា​សេនាធិការ បាន​បញ្ជាក់​នៅ​យប់​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​​ថា​ពានរង្វាន់​លីគ​ក្នុង​ប្រទេស​ថៃ មាន​៣កម្រិត​មាន​ Thai League 1, Thai League 2, Thai League 3 គ្រោង​ចាប់​ផ្ដើម​ក្នុង​ពេល​វេលា​ខុសៗគ្នា សម្រាប់​រដូវកាល​ឆ្នាំ​២០២១-២២ ខាង​មុខ​នេះ។

*ពានរង្វាន់ Thai League 1
លីគ​កំពូល​ប្រទេស​ថៃ ​មាន​ឈ្មោះ​ថា Toyota Thai League នេះ​មាន​សមាជិក​ចំនួន ១៦ ក្រុម ដែល​មាន​២៤០ប្រកួត គ្រោង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣១ កក្កដា ២០២១ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២១ ខែ​ឧសភា ឆ្នាំ ឆ្នាំ​២០២២។ ក្រុម​ចំណាត់ថ្នាក់​ខ្ពស់​ចំនួន​៤ មាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​ពានរង្វាន់​ធំជាង​គេ​ប្រចាំ​ទ្វីប AFC Champion League ខណៈ​ក្រុម​ដែល​មាន​ពិន្ទុ​ទាប​ជាង​គេ​ក្នុង​តារាង​ចំនួន៣ ត្រូវ​ធ្លាក់​ទៅ​លេង​ពានរង្វាន់ Thai League 2។

អត្ថបទពាក់ព័ន្ធ៖ក្រោយ​លើក​ពាន​លីគ​កំពូល​ថៃ គ្រូ​បង្វឹក​រូប​នេះ​ផ្ទេរ​ទៅ​ដឹកនាំ​ក្លិប​ដែល​លោក ប៉ែន ផាត​ ធ្លាប់​ចូលរួម​កាល​ពី​ក្បែរ​៥០ឆ្នាំ​មុន
​​
*ពានរង្វាន់ Thai League 2
ពានរង្វាន់​លីគ​លំដាប់​ទី២ នៃ​ប្រទេស​ថៃ នេះ​​បាន​ដាក់​ឈ្មោះ​ថា M-150 Championshipមាន​ក្រុម​សរុប​ចំនួន១៨ ក្រុម​ត្រូវ​ប្រកួត​គ្នា​ពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២។ ក្រោយ​​ប្រកួត​សន្សំ​ពិន្ទុ​២ជើង ក្រុម​ឈរ​លេខ១ និង​លេខ២ មាន​ឈ្មោះ​ឡើង​ទៅ​លេង​ពាន Thai League 1 ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​លេខ​៣​ដល់​លេខ​៦​ត្រូវ​ប្រកួត​គ្នា​​រក​អ្នក​ឈ្នះ​ទៅ​បំពេញ​កៅអី​១ក្រុម​នៅ Thai League 1។ ចំណែក​ក្រុម​ចំណាត់​ថ្នាក់​បាត​​តារាង​៣ក្រុម​​ត្រូវ​ធ្លាក់​ទៅ​លេង​ពាន Thai League 3។

*ពានរង្វាន់ Thai League 3
ជា​ពានរង្វាន់​លីគ​លំដាប់​ទី៣ នៅ​ប្រទេស​ថៃ មាន​ឈ្មោះ​ថា ​Omsin League Regional Championship។ ពានរង្វាន់​នេះ​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ២០២១ ដល់​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​៧២ក្រុម បែងចែក​ជា​៦តំបន់ ក្នុង​តំបន់​នីមួយៗ​មាន​ក្រុម​ប្រកួត​ចន្លោះ​ពី​១១ ទៅ​១៤ក្រុម។ ក្រុម​ខ្លាំង​តាម​តំបន់​នីមួយៗ​ត្រូវ​ឡើង​ទៅ​ជួប​គ្នា ស្វែង​រក​​ជើង​ឯក​ប្រចាំ​ឆ្នាំ​និង​ដណ្តើម​កៅអី​ឡើង​ទៅ​លេង​ពាន Thai League 2។

Share.