​កម្មវិធី​ America’s Got Talent មិន​ខុស​ពីកម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ប្រទេស​ផ្សេងៗ​ទៀត​ឡើយ​គឺ​ធ្វើ​យ៉ាង​ណា​​ស្វែង​រក​អ្នក​មាន​សមត្ថភាព​ទេពកោសល្យ​ពិត​ប្រាកដ​។ បុរស​ដែល​ធ្វើ​ឱ្យ​ទាំង​គណៈ​កម្មាការ​និង​ទស្សនិកជន​រន្ធត់​ផង​ស្រក់​​ភ្នែក​ផង​នោះ​គឺ​បុរស​ពិការ​ជើង​ទាំង​សងខាង​ Aaron Wheelz។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ឆាណែល​ America’s Got Talent បាន​បង្ហោះ​វីដេអូ​របស់​ម្ចាស់​ប៊ូតុងមាស​ ​ផ្ដល់​ដោយ​គណៈ​កម្មការ​ស្ត្រី​តែ​គត់​គឺ​ Nikki Bella ដែល​ជា​វីដេអូ​មាន​លាយ​ឡំ​គ្នា​ទាំង​រន្ធត់​និង​រំភើប​សម្រាប់​អ្នក​ទស្ស​នា​។

Aaron Fotheringham បុរស​ពិការ​ជើង​ទាំង​សងខាង​អង្គុយ​លើ​រទេះ​រុញ​នេះ​បាន​បង្ហាញ​សមត្ថភាព​ជិះ​​រទេះ​រុញ​រួច​បង្វិល​​ទម្លាក់​ខ្លួន​ពី​ទីខ្ពស់​រួច​ធ្វើ​យ៉ាង​ណា​មិន​ឱ្យ​ខ្លួន​នឹង​រទេះ​រុញ​ដួល​ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដែល​ការ​បង្ហាញ​សមត្តភាព​របស់​គាត់​បរាជ័យ​ ព្រោះ​ពេល​ដែល​រទេះ​រុញ​របស់​គាត់​ធ្លាក់​ចុះ​មក​ក្រឡាប់​ រហូត​ធ្វើ​ឱ្យ​គណៈ​កម្មការ​រន្ធត់​និង​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​យ៉ាង​ខ្លាំង​ ដោយ​ក្នុង​នោះ​ Simon ថែម​ទាំង​ភ្លាត់​មាត់​និយាយ​ទៀត​ថា​មិន​ចាំ​បាច់​ឱ្យ​បេក្ខជន​​រូប​នោះ​បង្ហាញ​សមត្ថភាព​ទៀត​នោះ​ទេប៉ុណ្ណឹង​បាន​ហើយ​​ ​នៅ​ពេល​​លោក​ឃើញ​ Aaron ខំប្រឹង​ឡើ​ង​ទៅ​កាន់​ទីខ្ពស់​ដើម្បី​ចង់​​ទម្លាក់​ខ្លួន​ចុះ​​​សារ​ជា​ថ្មី​។

យ៉ាង​ណា​មិញ​ដោយ​ឃើញ​ពី​ការ​តាំង​ចិត្ត​មិន​បោះបង់​របស់​បេក្ខជន​ពិការ​ ក្រុម​ការងារ​បាន​ជួយ​សែង​លោក​ឱ្យ​ឆាប់​ឡើង​ទៅ​ដល់​ខាង​លើ​ ក្រោម​សំឡេង​អបអរសាទរ​និង​លើក​ទឹក​ចិត្ត​ពី​សាធារណជន​ដែល​បាន​ទៅ​មើល​ការ​បង្ហាញ​សមត្ថភាព​របស់​បេក្ខជន​រូប​នេះ​។

ការ​បង្ហាញ​សមត្តភាព​ជា​លើក​ទីពីរ​ក្រោម​ក្រសែ​ភ្នែក​បុក​ពោះ​និង​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​របស់​ Aaron Wheelz បាន​កន្លង​ផុត​ទៅ​ដោយ​រលូន​ព្រោះ​លើក​នេះ​លោក​អាច​ធ្វើ​បាន​យ៉ាង​ល្អ​និង​ជោគជ័យ​។ ភាព​អំណត់​អត់​ធ្មត់​ និង​មិន​បោះបង់​របស់​លោក​បាន​ធ្វើ​ឱ្យ​លោក​អាច​ជំនះ​ភាព​ភ័យ​ខ្លាច​និង​បរាជ័យ​របស់​ខ្លួន​ រហូត​ធ្វើ​ឱ្យ​គណៈ​កម្មការ​ទាំងអស់​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ បន្ថែម​លើ​នោះ​ Nikki Bella បាន​សម្រេច​ចិត្ត​ផ្ដល់​ប៊ូតុងមាស​ជូន​ដល់ ​Aaron​ ដូច្នេះ​​លោក​បាន​ឡើង​ទៅ​កាន់​វគ្គ​បង្ហាញ​សមត្ថភាព​ Live Show ដោយ​ស្វ័យ​ប្រវត្តិ​៕

ទស្សនា​ការ​បង្ហាញ​សមត្ថភាព​របស់​ Aaron Wheelz ក្នុង​កម្មវិធី​ AGT ខាងក្រោម​នេះ​៖

https://www.youtube.com/watch?v=pIAIxKk19nU

ប្រភព៖ Youtube America’s Got Talent

Telegram-Troryorng
Share.