រដ្ឋាភិបាល​នៃ​ប្រទេស​គុយបា នៅ​ក្នុង​​ដែល​សមុទ្រ​ការ៉ាប៊ីន ​​ទ្វីប​អាមេរិកខាងជើង បាន​ប្រកាស​ឱ្យ​ផ្អាក​សកម្មភាព​ប្រកួត​កីឡា​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ របស់​ក្រុម​អត្តពលិក​របស់​ខ្លួន ដោយ​សារ​តែ​ការ​ឆ្លងរីករាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ-19។

បើ​តាម​សារព័ត៌មាន Prensa Latina បាន​បញ្ជាក់​ថា​ជំងឺ​កូវីដ-19 បាន​វាយ​លុក​ប្រទេស​គុយបា តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ មក​ ស្រប​ពេល​ដែល ​មាន​អ្នក​ឆ្លង​សរុប​ចំនួន​១២៨,០៩៤នាក់ ស្លាប់​៨៣៤នាក់ ជា​សះស្បើយ​១២០,២៨២នាក់ និង​កំពុង​សម្រាក​ព្យាបាល ៦,៩៧៨នាក់។

ការ​ផ្អាក​សកម្មភាព​ប្រកួត​កីឡា​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក របស់​អត្តពលិក​ក្នុង​ប្រទេស​គុយបា នឹង​ធ្វើ​ឡើង​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​កក្កដា​ឆ្នាំ​២០២១ ខាង​មុខ។ ចំណែក​អត្តពលិក​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​នៅ​ប្រទេស​ជប៉ុន រដ្ឋ​បញ្ជូន​ទៅ​កន្លែង​​ហ្វឹកហាត់​មួយ​ដែល​បិទទ្វារ​មិន​ឱ្យ​មាន​មនុស្ស​ចេញ​ចូល សូម្បី​តែ​អ្នក​សារព័ត៌មាន។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​សហព័ន្ធ​​កីឡាបេស្បល​​ប្រទេស​គុយបា ស្លា.ប់​ដោយ​សារ​កូវីដ-១៩

ការ​ផ្ទុះ​កូវីដ-19 នៅ​ប្រទេស​គុយបា បាន​សម្លាប់​ដល់​លោក Higinio Velez ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​​គុយបា (Cuban Baseball Federation) និង​ធ្លាប់​ដឹក​ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ឈ្នះ​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០០៤ នៅ​ទីក្រុង​អាតែន ប្រទេស​ក្រិក ក្នុង​វ័យ​៧៤​ឆ្នាំ​​ កាល​ពី​ពេល​ថ្មីៗ​ផង​ដែរ៕

Share.