«Four Barang In A Tuktuk» បទ​ចម្រៀង​ចង្វាក់​ Remix សប្បាយ​ៗ​បកស្រាយ​ដោយ​ Astronomy Class Ft. RuthKo & Vin Vitou បូកផ្សំ​នឹង​សំឡេង​ច្រៀង​ដ៏ពីរោះ​រណ្ដំ​​របស់​អ្នក​នាង កាក់ ចន្ធី បាន​ធ្វើ​ឱ្យ​បទ​នេះ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ក្រាស់ក្រែល​ពី​សំណាក់​អ្នក​ស្ដាប់​និង​ទស្សនា បើ​ទោះ​ជា​ម្ចាស់​សំឡេង​បាន​លាចាក​លោក​នេះ​ទៅ​បន្សល់​ទុក​តែ​ក្ដី​អាលោះ​អាល័យ​ក៏ដោយ។

អ្នក​នាង​ កាក់​ ចន្ធី តារា​ចម្រៀង​រ៉ក់ខេនរ៉ូល ម្ចាស់​បទ​ «យប់​នេះ​ខ្ញុំ​ចង់​ញ៉ាំ​ស្រា​» ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រៃ​វែង​ស្លា.ប់​​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរ​ ​នៅ​​វេលា​​រំលង​អាធ្រាត្រ​ ចូល​ថ្ងៃ​អង្គារ​ ​ទី​២០​ ​មីនា​ ​ឆ្នាំ​២០១៨​ ​ខណៈ​កំពុង​ធ្វើ​ដំណើរ​តាមរ៉ឺម៉ក​កង់​បី​ ​ជាមួយ​មិត្តភក្តិ​ ត្រឡប់​ទៅ​ផ្ទះ​វិញ។​

ថ្វី​បើ​រូប​កាយ​​អ្នក​នាង​បាន​​រលាយ​បាត់​ពី​ផែនដី​នេះ​​អស់​រយៈ​ពេល​៤​ឆ្នាំ​ហើយ​ក្ដី​ មែន​ប៉ុន្តែ​ទេពកោសល្យ​​សំឡេង​ដ៏​ល្អអ្នក​នាង​ត្រូវ​បាន​ក្រុម​ KlapYaHandz យក​មក​ផលិត​​ជា​ថ្មី​ឡើង​វិញ​​តាម​រយៈ​ការ​ Mix បញ្ចូល​​​សំឡេង​ដើម​​អ្នក​នាង​ជា​លក្ខណៈ​ Featuring បូក​បញ្ចូល​​នឹង​បារ៉ូល​រ៉ែប​ថ្មី​របស់​​តារា​ចម្រៀង​រ៉ែប RuthKo & Vin Vitou និង Astronomy Class ធ្វើ​ឱ្យ​បទចម្រៀង​នេះ​កាន់​តែ​រស់​រវើក​គួរ​ឱ្យ​ចង់​ស្ដាប់​​ថែម​មួយ​កម្រិត​ទៀត​

យោង​តាម​ការ​លើក​ឡើង​ពី​ឆាណែល​យូធូប​របស់​ KlapYaHandz បទ​ចម្រៀង​ខាងលើ​នេះ​ផលិត​ឡើង​ជា​ពិសេស​ដើម្បី​រំលឹក​ដល់​អ្នក​នាង​ កាក់ ចន្ធី តារា​ចម្រៀង​រ៉ក់ខេនរ៉ូល​។

អ្នក​គាំទ្រ​បាន​ផ្ដល់​នូវ​តម្លៃ​និង​លើក​សរសើរ​យ៉ាង​ច្រើន​ចំពោះ​បទ​ចម្រៀង​ខាង​លើ​នេះមិន​ថា​ទាំង​ចង្វាក់​ភ្លេង​ ការថត​ ការ​សម្ដែង​ ទេសភាព​គឺ​ល្អ​ទាំង​អស់​​ ថែម​ទាំង​មាន​ជន​បរទេស​ជា​ច្រើន​ចង់​មក​លេង​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​បាន​ទស្សនា​បទ​ចម្រៀង​នេះ​រួច​ថែម​ទៀត​ផង​។

សម្រាប់​បទ​ចម្រៀង​នេះ​ក៏​ស័ក្ដិសម​ផង​ដែរ​សម្រាប់​ចាក់​រាំ​និង​ច្រៀង​កម្សា​ន្ត​ក្នុង​រដូវបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ព្រោះ​តែ​ចង្វាក់​និង​ទំនុក​ច្រៀង​ដែល​បង្កប់​ទៅ​ដោយ​ភាព​រីករាយ​គឺ​ស៊ី​ទៅ​នឹង​បរិយាកាស​ឈប់​សម្រាក​​លម្ហែ​ជួប​ជុំ​ក្រុម​​បងប្អូន​មហា​គ្រួសារ​ខ្មែរ​​នា​ឱកាស​ចូល​ឆ្នាំ​ខាង​មុខ​នេះ​។

​ចង់​ដឹង​ថា​បទ​ចម្រៀង​ «Four Barang In A Tuktuk» ពីរោះ​និង​គួរ​ឱ្យ​ទាក់ទាញ​ប៉ុណ្ណានោះ​សូម​តាម​ដាន​ខាង​ក្រោម​៖

Telegram-Troryorng

Share.