រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីសម្រេច ផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មលក់ដូរ នៅក្នុងផ្សារសំរោងយ៉ោង ក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលជាតំបន់មានអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ការផ្អាកការលក់ដូរក្នុងផ្សារសំរោងយ៉ោងនេះ ចាប់ពីម៉ោង ៥៖០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

នៅក្នុងសេចក្តីសម្រេចដាច់ដោយឡែកមួយទៀត អាជ្ញាធរក៏បានបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រ ភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ក្នុងឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ដូចគ្នា។

ការសម្រេចបិទផ្សារនិងភូមិសាស្ត្រទាំងនេះរបស់រដ្ឋបាលខេត្តតាកែវធ្វើឡើងបន្ទាប់ពីប៉ុន្មាន ថ្ងៃចុងក្រោយនេះ ករណីឆ្លងថ្មីនៃកូវីដ១៩នៅក្នុងខេត្តតាកែវហាក់បានកើនឡើងជាបន្តបន្ទាប់​ជាពិសេសក្នុងចំណោមក្រុមកម្មករនិងអាជីវករ៕

Share.