សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជាឲ្យបុគ្គិលដែលមិនចាំបាច់ទាំងអស់នៅស្ថានកុងស៊ុលក្នុងទីក្រុងសៀងហៃចាកចេញជាបន្ទាន់ ដោយបារម្ភពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសចិន ខណៈដែលរដ្ឋាភិបាលចិនអនុវត្តការបិទខ្ទប់យ៉ាងតឹងរឹង ដើម្បីទប់ស្កាតការរីករាលដាលនៃជំងឺ កូវីដ១៩។

ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយ «គ្មានកូវីដ» ដែលមានបំណងលុបបំបាត់ការឆ្លងតាមរយៈការបិទខ្ទប់យ៉ាងតឹងរឹង ដែលមានការធ្វើតេស្ដទ្រង់ទ្រាយធំ និង ការរឹតបន្តឹងការធ្វើដំណើរ។

ប៉ុន្ដែគោលនយោបាយនេះបានធ្លាក់ចុះចាប់តាំងពីខែមីនា ដោយសារករណីឆ្លងជាង ១០ម៉ឺននាក់ នៅទីក្រុងសៀងហៃ ដែលនាំឲ្យមានការដាក់បំរាមបិទខ្ទប់នៅទីក្រុងមានប្រជាជន ២៥លាននាក់ ដែលបង្កឲ្យមានការតវ៉ាពីសាធារណជនជុំវិញកង្វះស្បៀងអាហារ និង គោលនយោបាយដែលមិនចេះបត់បែននៃការបញ្ជូននរណាម្នាក់ដែលធ្វើតេស្ដវិជ្ជមានទៅមជ្ឈមណ្ឌលចត្តាឡីស័ក។

អ្នកនាំពាក្យស្ថានទូតទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក «បានបញ្ជាឲ្យចាកចេញដោយសារតែការផ្ទុះកូវីដ១៩ កំពុងបន្ដ»។ អ្នកនាំពាក្យបន្ថែមថា បុគ្គលិកទូតក៏មានការព្រួយបារម្ភអំពីសុវត្ថិភាព និង សុខុមាលភាព របស់ពលរដ្ឋអាមេរិកជាមួយមន្រ្តីសាធារណៈរដ្ឋប្រជាមានិតចិន»។

ទីក្រុងធំបំផុតរបស់ចិនបានរាយការណ៍នៅថ្ងៃអង្គារនេះថា មានអ្នកឆ្លងមេរោគកូវីដ១៩ ជាង ២ម៉ឺន៣ពាន់នាក់។ ប្រជាជនជាច្រើននៅទីក្រុង ​និង តំបន់មួយចំនួន ស្ថិតក្រោមបំរាមបិទខ្ទប់តឹងរឹង បើទោះបីជាអ្នករស់នៅក្នុងសង្កាត់ និង តំបន់មួយចំនួន ចាត់ទុកថា មានហានិភ័យទាបត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះ។

ស្ថានទូតអាមេរិកបាននិយាយកាលពីសប្ដាហ៍មុនថា ខ្លួននឹងអនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់ត្រឡប់ទៅអាមេរិកវិញ ដោយសារតែករណីឆ្លងកូវីដមានការកើនឡើង និង បានព្រមានប្រជាជនរបស់ខ្លួនថា ពួកគេប្រហែលជាប្រឈមនឹងការអនុវត្តតាមអំពើចិត្តនៃបំរាមទប់ស្កាត់កូវីដ១៩។

អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «ឥលូវនេះ ក្រសួងការបរទេសកំពុងបញ្ជាឲ្យនិយោជិតចាកចេញ ព្រោះវាជាការល្អបំផុតសម្រាប់បុគ្គលិករបស់យើង និង ក្រុមគ្រួសាររបស់ពួកគេក្នុងការកាត់បន្ថយចំនួន ហើយប្រតិបត្តិការរបស់យើងត្រូវបានកាត់បន្ថយនៅពេលដែលយើងដោះស្រាយជាមួយនឹងស្ថានភាពផ្លាស់ប្ដូរនៅលើមូលដ្ឋាន»។

ប្រទេសចិនបានវាយប្រហារប្រឆាំងនឹងការត្អូញត្អែររបស់អាមេរិកអំពីបំរាមបិទ​ខ្ទប់​នៅ​សៀងហៃ​ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក Zhao Lijian កាល​ពី​ថ្ងៃ​សៅរ៍​បាន​ថ្កោល​ទោស​សហរដ្ឋ​អាមេរិក​ពី​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ទទួច​ថា គោល​នយោបាយ​​របស់​ចិនគឺ​​បែប​វិទ្យាសាស្ត្រ និង​ប្រសិទ្ធភាព។

អាជ្ញាធរចិន​បាន​ត្រៀម​គ្រែ​ថ្មី​រាប់​ម៉ឺន​​​នៅ​តាម​មន្ទីរ​ពេទ្យ​​បណ្តោះ​អាសន្ន​ជាង​១០០​កន្លែង ​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​ការណ៍​​ដាក់​ឲ្យ​នៅ​ដាច់ដោយ​ឡែក​សម្រាប់​អ្នកវិជ្ជមាន​កូវីដ-១៩ បើ​ទោះ​ជា​ពួក​គេ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​ក៏​ដោយ៕

ប្រភព៖ CNA

Telegram-Troryorng
Share.