កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា ម្សិលមិញ​នេះ​មហាជន​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​លេច​វត្តមាន​ពិធីករ​រូប​សង្ហា​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន(PNN) លោក​ យឹម​ ណារ៉ា គ្រង​ចីវរ​និង​កោរ​សក់​សាង​ផ្នួស​បួ​ស​ជា​សាមណេរ​យ៉ាង​ស្ងប់ស្ងាត់​នៅ​ខេត្ត​សៀមរាប​។

យោងតាម​រយៈ​ការ​ចែក​រំលែក​ដោយ​ហ្វេសប៊ុក​ផេក​របស់​សាមណេរ​ យឹម​​ ណារ៉ា​ ពី​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​​ វិជ័យសំណាង ចិត្តអ្នកសង្រ្គោៈ បាន​ឱ្យ​ដឹង​ថា​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​កោរ​សក់​បួស​ជា​សាមណេរ​លើក​នេះ​ក៏​ដោយ​សារ​តែ​លោក​មាន​សិទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធសាសនា​ បំពេញ​បុណ្យកុសល​និង​កសាង​សេចក្ដី​ស្ងប់​សុខ​។

នៅ​ក្នុង​សំនេរ​នោះ​បាន​រៀបរាប់​យ៉ាង​ខ្លី​ថា​៖ «អាត្មាភាពជាសាមណេ Nara Yim. ជាពិធីករ pnn មានសទ្ធាចូលកាន់បួសក្នុងព្រះពុទ្ធសាសនាមួយរយះដើម្បីបំពេញបុណ្យកុសលនិងសេចក្តីស្ងប់»

ការ​កោរសក់​បួស​ដើម្បី​បំពេញ​កុសល​និងស្វែង​រក​សេចក្ដីស្ងប់​សុខ​របស់​លោក​នេះ​ត្រូវ​បាន​តារា​សិល្បៈ​រៀម​ច្បង​គឺ​អ្នក​នាង​ ស៊ឹម សូលិកា និង​ស្វាមី​លោក​ អេង ឬទ្ធី​ ចូលរួម​អនុមោទនា ដោយ​បាន​ចូល​ទៅ​គោរព​ថ្វាយ​បង្ខំ​សាម​ណេរ​ទើប​នឹង​សាង​ផ្នួស​ថ្មោង​ថ្មី​ដល់​ទីតាំង​វត្ត​ក្នុង​ខេត្ត​សៀមរាប​នោះ​ផង​ដែរ​។

«ថ្ងៃនេះខ្ញុំព្រះករុណានិងក្រុមគ្រួសារ បានមកក្រាបថ្វាយបង្គំលោកកូន Nara Yim និងធ្វើបុណ្យចែកទាន នៅវត្តប្រាសាទត្រាំនាគ ខេត្តសៀមរាប សូមជូនបុណ្យកុសលដែលយើងខ្ញុំបានកសាង ចែកជូនដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាផងចុះ ។សូមអនុមោទនាបុណ្យដោយសេចក្ដីជ្រៈថ្លា 🙏🏻🙏🏻🙏🏻សាធុ សាធុ សាធុ ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២»

នៅ​ក្រោម​ការ​បង្ហោះ​ចែក​រំលែក​របស់​អ្នក​នាង​ ស៊ឹ​ម សូលិកា ក៏​មាន​មិត្ត​សិល្បៈ​ក្នុង​រង្វង់​សិល្បៈ​ដូច​គ្នា​ជាច្រើន​អ្នក​​បាន​ចូល​មក​សាធុ​និង​អនុមោទនា​ផល​បុណ្យ​ ក្នុង​នោះ​មាន​ កញ្ញា ហ៊ិន ច័​ន្ទ​នីរ័ត្ន លោក​ ជា ​​វិបុល កញ្ញា ថន លក្ខិ​ណា​ កញ្ញា ហេង កែវ​នីតា លោក​ ជា​ វណ្ណារិទ្ធិ អ្នក​នាង​ សុខ សុម៉ាវត្តី និង​មិត្ត​សិល្បករ​ជា​ច្រើន​ដួង​ទៀត​។

សម្រាប់​ការ​បួស​បំពេញ​កុសលផល​បុណ្យ​និង​ដើម្បី​រក​សេចក្ដី​ស្ញប់​ក្នុង​ចិត្ត​របស់​ ពិធីករ​ យឹម ណារ៉ា ឬ​សាម​ណេរ​ យឹម​ ណារ៉ា នេះ​ត្រូវ​បាន​មហាជន​មាន​កោ​តសរសើរ​ព្រោះ​លោក​មិន​បាន​ប្រើប្រាស់​សាសនា​ដើម្បី​រំដោះ​ខ្លួន​គេច​ពី​កំហុស​ ឬ​ក៏​ប្រើ​ប្រាស់សាសនា​ដើម្បី​គេច​ពី​ការ​ថ្កោលទោស​ណា​មួយ​នោះ​។

សារព័ត៌មាន​ត្រយង​សូម​ចូលរួម​អនុមោទនា សាធុ ចំពោះ​ផល​បុណ្យ​កុសល​ដែល​សាមណេរ​ យឹម ណារ៉ា បាន​បួស​រៀន​និង​បំពេញ​ក្នុង​ពេល​នេះ​ផង​។

ប្រភព៖ Facebook សុឹម សូលិកា, Nara Yim

Telegram-Troryorng
Share.